(កំពង់ធំ)៖ ដើម្បីកាត់បន្ថយការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅលើបឹងទន្លេសាប និងជួយសម្រួលដល់ជីវភាព នៃរស់នៅរបស់ប្រជាពលរដ្ឋលោក ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំ បានជំរុញឲ្យអ្នកពាក់ព័ន្ធគ្រប់ស្ថាប័ន និងពលរដ្ឋមូលដ្ឋានចូលរួមសហការគ្នា លុបបំបាត់ការប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ផ្សេងៗ នៅលើបឹងទន្លេសាប ហើយមិនមែនសម្រាប់តែផ្នែកជំនាញ ជលផលតែម្នាក់ឯងនោះទេ​ គឺសម្រាប់យើងទាំងអស់គ្នា។

លោក ងួន សុជាតិ បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តផែនការ គ្រប់គ្រងប្រព័ន្ធជលផល តាមវាលស្រែដែលរៀបចំដោយកាអង្គការទ្រទ្រង់ស្ត្រីខ្មែ ដោយមានការចូលរួមពីលោកស្រី ជុំ ច័ន្ទពុទ្ធាវី នាយិកាអង្គការទ្រទ្រង់ស្ត្រីខ្មែរ លោក គីម មីរ៉ាតូរី ប្រធានគម្រោងរបស់អង្គការវើល្វីស និងគណៈកម្មការជំរកត្រីមកពីតំបន់ឃុំគោលដៅមកពី៦ស្រុក ប្រមាណជា១២០នាក់។ នៅភោជនីដ្ឋានម្លប់ស្វាយធំ២ ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោក ងួន សុជាតិ បានបន្តថា ត្រីគឺជាអាហាពិសេស និងចាំបាច់របស់ពលរដ្ឋទាំងអស់ជាពិសេសសម្រាប់ប្រទេសកម្ពុជាយើងហើយត្រីទាំងអស់នេះ មាននៅតាមស្ទឹង បឹងបួរ ព្រែក ជាពិសេសនៅបឹងទន្លេសាប។ ដោយសារតម្រូវការបើប្រាស់ត្រីច្រើនហូបចុកផង និងសម្រាប់នាំចេញទៅក្រៅផង ព្រមទាំងគួបផ្សំជាមួយការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យមានការប្រែប្រួលលើរបបទឹកជំនន់មិនទៀងទាត់ ហើយបរិមាណទឹកតិចជាងមុន រីឯសីតុណ្ហភាពក្តៅខ្លាំង ជាងមុនជាពិសេសរដូវប្រាំងដែលប៉ះពាល់ដល់ការពងកូន របស់ត្រីដើម្បីកាត់បន្ថយការប្រើប្រាស់នៅបឹងទន្លេសាប និងជួយសម្រួលដល់ជីវភាព នៃរស់នៅរបស់ប្រជាពលរដ្ឋយើងត្រូវនាំគ្នាធ្វើឲ្យត្រីសំបូរឡើងវិញ នៅតាមវាលស្រែ បឹងបួរប្រឡាយ ស្ទឹង ត្រពាំង ស្រះ តាមរយៈការធ្វើឲ្យមានទីកន្លែងដែលជាជម្រកសមរម្យ និងសុខសាន្តសម្រាប់ការស់នៅរបស់ត្រី។

លោក ងួន សុជាតិ បានសំដែងនូវការរីករាយក្រៃលែងចំពោះអង្គការក្រៅរាជរដ្ឋភិបាលជាម្ចាស់ជំនួយ យូ.អេស.អេ.អាយ.ឌី (UDAID) អង្គការវើលហ្វីស (World Fish) អង្គការទ្រទ្រង់ស្ត្រីខ្មែរ និងអ្នកត្រួសត្រាយកម្ពុជា (CTO) ដែលជាអ្នកអនុវត្តសកម្មភាពផ្ទាល់ហើយបានឆ្លុះបញ្ចាំង នៃការអនុវត្តគម្រោង បង្កើនធនធានជលផលតាមវាលស្រែជំហានទី២។

លោកស្រី ជុំ ច័ន្ទពុទ្ធាវី បានថ្លែងថាសិក្ខាសាលានេះមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៧ ហើយនេះ គឺជាដំណាក់កាលទី២ ដើម្បីធ្វើឆ្លុះបញ្ចាំងចែករំលែកបទពិសោធន៍ការអនុវត្តផែនការគ្រប់គ្រងស្រះជម្រកត្រីសហគមន៍ឆ្លុះបញ្ចាំង និងកែលម្អផែនការ គ្រប់គ្រងស្រះជម្រកត្រីសហគមន៍ និងបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ក្នុងការគ្រប់គ្រងធនធានជលផល៕