(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ កំពុងចុះសួរសុខទុក្ខដោយផ្ទាល់ ដល់កងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន គ្រាដែលអាកាសធាតុកំពុងតែចុះត្រជាក់ខ្លាំងយ៉ាងគំហុក។
នៅចំពោះមុខកងទ័ពជាច្រើននាក់ដែលកំពុងការពារព្រំដែននាតំបន់ប្រាសាទព្រះវិហារ នាយឧត្តមសេនីយ៍ គន់ គីម ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះវីរៈយុទ្ធជនផងដែរ។
ស្របពេលដែលអាកាសធាតុ ចុះត្រជាក់ខ្លាំងបែបនេះ ថ្នាក់ដឹកនាំកងទ័ពរូបនេះ ក៏បានក្រើនរំលឹកឲ្យកងទ័ព ដែលកំពុងឈរជើងការពារ មាតុភូមិ ត្រូវថែរក្សាសុខភាពឲ្យល្អ ជៀសវាងកើតជំងឺផ្សេងៗ។
នាយឧត្តមសេនីយ៍ គន់ គីម នោះ បានបញ្ជាក់ថា កងទ័ពនៅតំបន់ព្រំដែនសុទ្ធតែមានអាវរងាពាក់គ្រប់ៗគ្នា ដែលអាវរងាទាំងអស់នោះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានចែកជូននាពេលកន្លងទៅ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានប្រាប់អំពីស្ថានភាពនយោបាយរបស់កម្ពុជានាពេលបច្ចុប្បន្ន ដោយបញ្ជាឲ្យកងទ័ពរក្សាជំហរ គោរពវិន័យឲ្យមាំមួន និងត្រៀមជានិច្ចដើម្បីស្ដាប់បទបញ្ជារបស់មេបញ្ជាការ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរង បានបន្ដដំណើរចុះត្រួតពិនិត្យការបង្កបង្កើនផលរបស់បងប្អូនកងទ័ព ដូចជាការដាំស្វាយ ដាំបន្លែផ្សេង និងមានការចិញ្ចឹមសត្វគោ ដែលជាការរួមចំណែកលើកស្ទូយជីវភាពរបស់កងទ័ពឲ្យបានកាន់តែប្រសើរ។ នាយឧត្តមសេនីយ៍ គន់ គីម ក្រៅពីប្រាប់ឲ្យកងទ័ព រក្សាជំហរការពារបូរណភាពទឹកដីហើយនោះ ត្រូវប្រឹងប្រែងបង្កបង្កើនផលបន្ថែមទៀត ដើម្បីរួមចំណែកលើកម្ពស់ជីវភាពផងដែរ៕