(ភ្នំពេញ)៖ នៅសាលា ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីប្រគល់ប័ណ្ណធានារ៉ាប់រងរបស់ក្រុមហ៊ុនហ្វតតេ ជូនដល់សិស្សថ្នាក់ទី៩ ដល់ទី១២ ក្រោមអធិបតីភាពរបស់លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា និងលោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ។

តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឲ្យដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២១សាខា ក្នុងនោះ១៨សាខា កំពុងដំណើរការ និង០៣សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សាជាង៣៥.០០០នាក់។ សាលា ក៏បានបង្កើតកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស រួមមាន៖
ទី១៖ កម្មវិធីបង្កើនចំណេះដឹងទូទៅ
ទី២៖ កម្មវិធីពង្រឹងស្មារតី
ទី៣៖ កម្មវិធី ទស្សនកិច្ចសិក្សា
ទី៤៖ កម្មវិធិសិក្សាតាមទូរទស្សន៍
ទី៥៖ កម្មវិធីប្រឡងសំណេរ
ទី៦៖ កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
ទី៧៖ កម្មវិធីប្រកួតប្រជែង ទេពកោសល្យ
ទី៨៖ កម្មវិធីកីឡា ហើយក្នុងឆ្នាំសិក្សានេះ សាលាកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។ សាលាក៏បានបន្តបើកថ្នាក់បំប៉នបន្ថែម និងថ្នាក់ពិសេស សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ផងដែរ។

ក្នុងឱកាសនោះដែរ លោក លី ប៊ុនឆៃ បានថ្លែងថា៖ សាលាបានសម្រេចផ្តល់ជូនប័ណ្ណធានារ៉ាប់រង គ្រោះថ្នាក់បុគ្គលរបស់ក្រុមហ៊ុនហ្វតតេ ជូនដល់សិស្សានុសិស្ស ថ្នាក់ទី៩ ដល់ ទី១២ ដើម្បីជាការលើកទឹកចិត្ត និងការព្រួយបារម្ភពីសុវត្ថិភាពរបស់សិស្ស។ ប័ណ្ណធានារ៉ាប់រងនេះ នឹងជួយកាត់បន្ថយលើការចំណាយព្យាបាលរបួស ក្នុងករណីមានគ្រោះថ្នាក់ ដែលកើតឡើង ២៤ម៉ោង លើ ២៤ម៉ោង រយៈពេល១ឆ្នាំ។ បន្ថែមលើនេះទៀត ការធានារ៉ាប់រងនេះ ក៏បានជួយដោះស្រាយលើគ្រោះថ្នាក់ផ្សេងៗទៀត ដូចជា៖ ពេលធ្វើដំណើរ លក្ខខណ្ឌនៃការបាត់ខ្លួន ពស់ចឹក និងសត្វលិ្អតទិច ឬខាំ ព្រមទាំង ពិការភាព មរណភាព និងថ្លៃបុណ្យសពទៀតផង។

លោក លី ប៊ុនឆៃ បានបន្ថែមទៀតថា កន្លងមក ប៊ែលធី គ្រុប ក៏បានយកចិត្តទុកដាក់លើហានិភ័យការងាររបស់បុគ្គលិកទាំងអស់ ដោយបានផ្តល់ជូន នូវប័ណ្ណធានារ៉ាប់រង របស់ក្រុមហ៊ុនហ្វតតេ ជូនដល់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ ដែលបម្រើការនៅប៊ែលធី ចាប់ពី ៣ឆ្នាំឡើងទៅ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនបានល្អ ដោយមិនមានការព្រួយបារម្ភ ពីការចំណាយលើថ្លៃព្យាបាល ក្នុងករណីមានគ្រោះថ្នាក់ផ្សេងៗណាមួយ និង ស្របតាមគតិបណ្ឌិត របស់ប៊ែលធី គ្រុបគឺ «សុខភាពរបស់បុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន»។

បន្ទាប់មកលោក យក់ ចំរើនឫទ្ធិ អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ក៏បានថ្លែងអំណរគុណចំពោះ ប៊ែលធី ដែលមានជំនឿទុកចិត្តលើក្រុមហ៊ុនហ្វតតេ។ ក្រុមហ៊ុន នឹងបន្តការខិតខំផ្តល់ជូនការធានារ៉ាប់រងនេះ ឲ្យកាន់តែប្រសើរថែមទៀត។

ជាទីបញ្ចប់ ប្រធានគណៈអធិបតី បានប្រគល់ប័ណ្ណធានារ៉ាប់រង របស់ក្រុមហ៊ុនហ្វតតេ ជូនដល់សិស្សថ្នាក់ទី៩ ដល់ទី១២ នាពេលនោះផងដែរ៕