(ភ្នំពេញ)៖ វាជាការគួរឲ្យសង្វេគចិត្ត អាណិតដល់មាតុភូមិ និងប្រជាជនខ្មែរដ៏កំសត់ដែលមានអ្នកនយោបាយពូកែដេករកនឹក គិតរកល្បិច ដើរត្រាច់រង្គាត់ ទៅគោះជួង ទូងស្គរនៅតាមផ្លូវមិនអស់ចិត្ត ក៏ដើរគោះទ្វារផ្ទះសហគមន៍អន្តរជាតិ ដើម្បីសុំអង្វរឲ្យពួកគេដាក់ទណ្ឌកម្មមកលើប្រទេសជាតិ ដើម្បីខ្ទប់ដង្ហើមកម្មករ និងកសិករខ្លួនឯង។ តើយើងដែលលឺទេថា អ្នកនយោបាយនៅប្រទេសជិតខាងយើង មានដូចជាថៃ ភូមា ឬវៀតណាម ឬប្រទេសផ្សេងទៀត មានអ្នកនយោបាយប្រឆាំងណាដែលហាមាត់អំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យកាត់ជំនួយឲ្យឈប់ទិញទំនិញដែលជាញើសឈាមរបស់កម្មករ និងកសិករនៃប្រទេសរបស់ខ្លួនឯងនោះ? ទាំងលោកថាក់ ស៊ីន, រហូតដល់លោកស្រីយីងឡាក់ ទោះបីជាបងប្អូនត្រកូលស៊ីណាវ៉ាត់នេះទទួលរងការរំលាយបក្ស និងរហូតនិរទេសខ្លួនទៅក្រៅប្រទេស ប៉ុន្តែពួកគេមិនដែលហាមាត់អំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្ម ឬឲ្យផ្តាច់ជំនួយ ឈប់ទិញទំនិញពីប្រទេសរបស់ខ្លួនសោះឡើយ។ 

ហេតុអ្វីបានជាពួកគេមិនធ្វើដូច្នេះ ពីព្រោះគេយល់ថា ធ្វើបែបនេះជាអំពើអាក្រក់ជួរជាតិចំពោះប្រទេសជាតិ និងប្រជាជនខ្លួនឯង។ ពួកគេក៏យល់ដែរថា ធ្វើនយោបាយត្រូវហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ឬសេចក្តីសុខផ្ទាល់ខ្លួនដើម្បីជាតិ និងប្រជាជន។ លោកស្រី អ៊ុងសាន ស៊ូជី កាលនៅជាមេដឹកនាំបក្សប្រឆាំងក៏ដូចគ្នាដែរ គឺលះបង់សេចក្តីសុខខ្លួនឯងដើម្បីសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន។ មានអ្នកនយោបាយប្រឆាំងជាច្រើនទៀតក្នុងលោកដែលបានតម្កល់ប្រយោជន៍ជាតិធំជាងប្រយោជន៍បក្ស ឬប្រយោជន៍ផ្ទាល់ខ្លួន។

អភ័ព្វអ្វីតែប្រទេសកម្ពុជា អ្នកនយោបាយប្រឆាំងបែរជាតម្កល់ប្រយោជន៍បក្សខ្ពស់ហួសពីប្រយោជន៍ជាតិ និងប្រជាជនទៅវិញ។ គ្រប់ពេលវេលា គ្រប់ទីកន្លែងដែលពួកប្រឆាំងទៅដល់ បេសកកម្មសំខាន់ជាងគេបំផុតរបស់ពួកគេគឺការបញ្ចុះបញ្ចូល ឲ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយ និងឈប់ទិញទំនិញពីកម្ពុជា។ នយោបាយស្មោគគ្រោក អាក្រក់ជួរជាតិបែបនេះបានក្លាយជាសារជាតិរបស់ពួកប្រឆាំងនៅស្រុកខ្មែរទៅហើយ។ មានជនបរទេសជាច្រើនភ្ញាក់ផ្អើលនឹងសកម្មភាពរបស់ក្រុមប្រឆាំងនៅកម្ពុជា ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលពួកគេចាត់ទុកថា ជាអ្នកនយោបាយដែលហ៌ានប្រើយុទ្ធសាស្ត្រដដែលៗ គឺបំផ្លាញជាតិខ្លួនឯងដើម្បីចង់បានអំណាច។ ជនបរទេសទាំងនោះបានចាត់ទុកថា នេះជានយោបាយដ៏អន់ថយបំផុត និងអាក្រក់បំផុត ហើយដែលពួកគេស្អប់ខ្ពើមបំផុត។ បើនៅប្រទេសរបស់ពួកគេវិញ អ្នកនយោបាយធុននេះមិនអាចមានមុខនៅលើឆាកនយោបាយបានឡើយព្រោះសូម្បីតែមុខក៏ប្រជាជនគេមិនមើល និងសូម្បីតែឈ្មោះក៏មិនចង់លឺដែរ។

តើពួកបក្សឆាំងបានធ្វើអ្វីខ្លះសម្រាប់ជាតិនិងប្រជាជន?

ចាប់តាំងពីការកកើតគណបក្សសមរង្ស៊ី, ក្រោយមកគណបក្សសិទ្ធិមនុស្ស និងចុងក្រោយគឺគណបក្សសង្គ្រោះជាតិ កិច្ចការសំខាន់របស់ពួកគេគឺបំផ្លាញរាជរដ្ឋាភិបាលដឹកនាំដោយបក្សកាន់អំណាចដោយយកប្រយោជន៍ជាតិធ្វើជាចំណាប់ខ្មាំង និងយកប្រជាជនធ្វើជាឈ្នាន់។ យកប្រយោជន៍ជាតិជាចំណាប់ខ្មាំងមានន័យថា ពួកគេដើរឃោសនា ញុះញង់ប្រជាពលរដ្ឋក្នុងស្រុកឲ្យស្អប់អាជ្ញាធររាជរដ្ឋាភិបាល ឲ្យបាត់បង់មោទនភាពជាតិដោយមើលឃើញប្រទេសរបស់ខ្លួនមានសភាពខ្មៅងងឹត បំបាក់ទឹកចិត្តប្រជាជនកុំឲ្យចូលរួមក្នុងសកម្មភាពដែលបង្ហាញពីមោទនភាពជាតិ ដូចជាព្រឹត្តិការណ៍កីឡាករ ការដាក់បញ្ចូលសម្បត្តិវប្បធម៌ខ្មែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងការរួបរួមគ្នាដើម្បីការពារបូរណភាពទឹកដីពេលត្រូវប្រទេសជិតខាងបំពានជាដើម។ នៅឯក្រៅប្រទេស ពួកគេដើរស្វះស្វែង បញ្ចុះបញ្ចូលឲ្យសហគមន៍អន្តរជាតិ និងម្ចាស់ជំនួយឲ្យឈប់ផ្តល់ជំនួយ និងឈប់មានទំនាក់ទំនងល្អជាមួយកម្ពុជា ឬឈប់ធ្វើពាណិជ្ជកម្មជាមួយកម្ពុជា ដើម្បីបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់ប្រទេស ហើយអ្នកដែលរងផលប៉ះពាល់មុនគេគឺប្រជាជនក្រីក្រ។

ចំណែកយកប្រជាជនធ្វើជាឈ្នាន់មានន័យថា ក្នុងជីវិតនយោបាយរបស់ទណ្ឌិត សម រង្ស៊ី, ក៏ដូចជា លោក កឹម សុខា និងបក្សពួកដូចជាលោកស្រី មួរ សុខហួរ ជាដើម តែងតែបញ្ឆេះកំហឹងប្រជាពលរដ្ឋ កេណ្ឌប្រជាពលរដ្ឋឲ្យមកចូលរួមធ្វើបាតុកម្មហិង្សា ដុតបំផ្លាញ វាយកម្ទេច បង្កភាពចលាចលក្នុងសង្គម។ ចំណែកពួកគេវិញ មានរឿងអ្វីបន្តិចក៏ដាក់មេផាយបាតជើងសព្រាតចេញទៅសម្ងំសុខនៅក្រៅប្រទេសធ្វើព្រងើយ។ ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកគាំទ្របក្សប្រឆាំងនៅចងចាំច្បាស់ណាស់កាលពីក្រោយការបោះឆ្នោតឆ្នាំ ២០១៣។ អ្នកណាខ្លះលក់ស្រូវ លក់មាន់ ទា លក់ឆ្កែ ឬខ្ចីលុយគេដើម្បីឡើងមកធ្វើបាតុកម្មនៅភ្នំពេញ។ ទីបំផុត ក្រុមបក្សប្រឆាំងក៏ដើរចូលរដ្ឋសភា អង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ធ្វើព្រងើយ។ បច្ចុប្បន្ន គណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោល ដោយអំណាចសាលដីកាតុលាការកំពូល ហើយបន្ទាប់ពីគេរកឃើញថា អតីតមេដឹកនាំគណបក្សនេះបានធ្វើនយោបាយបម្រើប្រយោជន៍បរទេស និងបំផ្លាញជាតិខ្លួនឯងជាប្រព័ន្ធ។

ក្រោយជួបគ្រោះអាសន្ន សារជាតិរបស់ពួកប្រឆាំងក៏បានលេចឡើងយ៉ាងច្បាស់ក្រឡែត។ បេសកកម្មដដែលក៏ត្រូវបានពួកទណ្ឌិត សម រង្ស៊ី និងបក្សពួក យកមកប្រើសារជាថ្មី។ ពួកគេអំពាវនាវពីក្រៅប្រទេសឲ្យពលរដ្ឋងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល ទោះជាអ្នកណារងគ្រោះថ្នាក់អ្វីក៍មិនខ្វល់ ដែរទោះជាប្រទេសជាតិវឹកវរយ៉ាងណាក៏មិនឈឺក្បាល ខណៈដែលខ្លួនឯងរត់ទៅរកកន្លែងមានសុវត្ថិភាពរៀងៗខ្លួន។ តើនេះមិនមែនជាការធ្វើនយោបាយដោយយកប្រជាជនជាឈ្នាន់ទេឬ? នៅឯក្រៅប្រទេស ទណ្ឌិត សម រង្ស៊ី និងបក្សពួកមាន ហួរ សុខហួរ, អេង ឆៃអ៊ាង និង កឹម មនោវិទ្យា ជាដើម បានចែកជើងគ្នាដើរអុកឡុកបណ្តាប្រទេសជាមិត្តដោយដើរតត្រុកសុំអង្វរគេសុំគេជួបសូម្បីតែ ១៥នាទីក៏អស់ចិត្តដើម្បីសម្តែងល្ខោន ហើយសុំឲ្យអន្តរជាតិឈប់ផ្តល់ជំនួយ ដាក់ទណ្ឌកម្ម និងឈប់ទិញទំនិញពីកម្ពុជា។ បើមានបរទេសណាម្នាក់ ទោះជានិយាយជាលក្ខណៈបុគ្គលក៏ដោយឲ្យតែមានន័យអវិជ្ជមានចំពោះកម្ពុជា ពួកគេចាត់ទុកថា ជាជោគជ័យរបស់ខ្លួន ហើយខំបំប៉ោងដោយមានជំនួយពីប្រព័ន្ធផ្សាយព័ត៌មាន តាមបែបឧទ្ទាមកម្មមួយចំនួនគាំទ្រពីក្រោយ។

គោលដៅរបស់ក្រុមនេះនៅតែដដែលគឺបំផ្លាញប្រទេសនេះឲ្យខ្ទេចខ្ទីរ ផ្តាច់ដង្ហើមសេដ្ឋកិច្ចជាតិ និងផ្តាច់សេដ្ឋកិច្ចរបស់កម្មករ និងកសិករក្រីក្រ ឲ្យធ្លាក់ក្នុងសភាពដុនដាបដើម្បីពួកគេមានលេសថា រាជរដ្ឋាភិបាលដឹកនាំមិនកើត។ និយាយឲ្យចំ គឺពេញមួយជីវិតនយោបាយរបស់ទណ្ឌិត សម រង្ស៊ី និងគណបក្សរបស់គាត់គឺបង្កបញ្ហា ក្រឡុកសភាពការណ៍ បំពុលបរិយាកាស មិនឲ្យប្រទេសកម្ពុជា និងប្រជាជនខ្មែរបានសុខឡើយ។

ប៉ុន្តែជាភព្វ័សំណាងរបស់កម្ពុជាដែលមហិច្ឆតារបស់ក្រុមប្រឆាំងមិនអាចសម្រេចបានតាមគោលដៅ។ នយោបាយយកប្រយោជន៍ជាតិជាចំណាប់ខ្មាំងត្រូវបានវែកមុខហើយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោលដោយអំណាចសាលដិកាតុលាកំពូល ដោយរក្សាបាននូវសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដដែល។ ពិភពលោកពហុប៉ូលក៏បានរារាំងមហិច្ឆតារបស់ពួកប្រឆាំងមិនឲ្យសម្រេចគោលដៅបានឡើយ មានន័យថា បើទោះជាអាចមានបុគ្គលបរទេសខ្លះ ឬក៏ប្រទេសខ្លះ អាចយល់ស្របជាមួយពួកប្រឆាំងជាពិសេសប្រទេសដែលជាមេកើយរបស់បក្សប្រឆាំងតែម្តង ប៉ុន្តែ នៅមានបណ្តាប្រទេសជាច្រើនទៀតដែលគេមិនបានចាប់អារម្មណ៍ទៅលើឆាកល្ខោនរបស់ពួកប្រឆាំងឡើយ។ អ្វីដែលពិភពលោកកំពុងសម្លឹងមើលកម្ពុជា គឺកម្ពុជាជាប្រទេសដែលមានសន្តិភាព និងពោរពេញដោយឱកាសនៃការអភិវឌ្ឍ។

ចំណែកនយោបាយយកប្រជាជនជាឈ្នាន់ក៏ជួបបរាជ័យជាបណ្តើរៗព្រោះ គ្មានប្រជាពលរដ្ឋខ្មែរណាទៅខ្វាយខ្វល់ពីរឿងរំលាយគណបក្សសង្គ្រោះជាតិឡើយ។ ពួកគេគិតតែពីប្រកបរបរទទួលទានតាមលទ្ធភាពរៀងៗខ្លួន។ ពួកគេកំពុងអបអរនឹងផលប្រយោជន៍ដែលទទួលបានពីរាជរដ្ឋាភិបាល។ កម្មករ កម្មការរិនីកំពុងញញឹមរង់ចាំទទួលប្រាក់បៀវត្សរ៍ថ្មីនៅឆ្នាំ ២០១៨ ខណៈដែលប្រជាកសិករកំពុងមមាញឹកនឹងការប្រមូលផលស្រូវរដូវរំហើយ។ មន្ត្រីរាជការ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ ក៏នឹងទទួលបានផលប្រយោជន៍លើសពីមុនពីរាជរដ្ឋាភិបាលចាប់ពីឆ្នាំ ២០១៨ តទៅ។ អាជីវករ អ្នកលក់ដូរកំពុងសប្បាយចិត្តនឹងការលក់ដូរទំនិញ ឬក៏ការទិញទំនិញដែលមានភាពសម្បូរបែប និងប្រកួតប្រជែងជាងមុន។ ក្នុងស្ថានភាពបែបនេះ គ្មានសហគមន៍អន្តរជាតិណាចាត់ទុកកម្ពុជាជាប្រទេសដែលមានបញ្ហាដូចឆាកល្ខោនដែលពួកប្រឆាំងបានសម្តែងនោះឡើយ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសជាច្រើននៅតែសម្តែងការហួសចិត្ត និងចាត់ទុកប្រទេសកម្ពុជា ជាប្រទេសអភ័ព្វ ដោយសារតែមានអ្នកនយោបាយបែបទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងទាំងឡាយជាបក្សពួកដែលធ្វើនយោបាយប្រឆាំង នឹងប្រយោជន៍ជាតិ និងប្រជាជនខ្លួនឯង។ អ្វីដែលជនបរទេសហួសចិត្ត និងភ្ញាក់ផ្អើលបំផុតចំពោះបក្សប្រឆាំងនៅកម្ពុជាគឺ ទី១៖ នយោបាយញុះញង់ឲ្យស្អប់ខ្ពើមពូជសាសន៍ និងទី២៖ គឺនយោបាយទាមទារឲ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយ និងឈប់ទិញទំនិញពីប្រទេសរបស់ខ្លួនឯង។ ពួកគេលាន់មាត់ដោយហួសចិត្តថា ប្រទេសរបស់អ្នកឯងពិតជាអភ័ព្វមែន ហើយគេមិនដែលបានឃើញអ្នកនយោបាយបែបនេះនៅប្រទេសផ្សេងទេ៕

ដោយ៖ កូនខ្មែរ