(ភ្នំពេញ)៖ នាយឧត្តមសនីយ៍ ជ័យ សុន អគ្គលេខាធិការអាជ្ញាធរអាវុធគីមី នៃក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះថា លទ្ធផលស្តីពីបេសកកម្មចុះពិនិត្យ និងវាយតម្លៃគ្រាប់បែកគីមីអាមេរិក ដែលទម្លាក់លើទឹកដីកម្ពុជា របស់ក្រុមបច្ចេកទេស អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ (Organization for the Prohibition of Chemical Weapons - OPCW) គឺមិនទាន់ប្រកាសនៅឡើយទេ នៅថ្ងៃនេះ ដោយរង់ចាំរបាយការណ៍ផ្លូវការចេញពីអង្គការ OPCW ប្រទេសហូឡង់។
បើទោះបីមិនទាន់ដឹងពីលទ្ធផលយ៉ាងណាក្តី ប៉ុន្តែនាយឧត្តមសេនីយ៍ ជ័យ សុន បានព្រលយឲ្យដឹងថា «លទ្ធផលដែលក្រុមបច្ចេកទេសរបស់អង្គការ OPCW ចុះពិនិត្យ និងវាយតម្លៃគ្រាប់បែកគីមីរបស់អាមេរិក នៅខេត្តចំនួន៣ រួមមានខេត្តមណ្ឌលគិរី ត្បូងឃ្មុំ និងស្វាយរៀង គឺបញ្ជាក់ថា គ្រាប់បែកទាំងនោះ ជាអាវុធគីមីដែលទម្លាក់ ក្នុងសម័យសង្គ្រាម ទសវត្សរ៍ទី៦០ និង៧០»។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា៖ «យើងរង់ចាំពួកគេ (ក្រុមបច្ចេកទេសអង្គការ OPCW) ទៅដល់ប្រទេសហូឡង់វិញ ហើយគេនឹងធ្វើរបាយការណ៍យ៉ាងលម្អិត ពីលទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃគ្រាប់បែកនៅក្នុងខេត្តទាំង៣ ផ្ញើមកកាន់យើងវិញ»។
ក្រុមបច្ចេកទេសរបស់អង្គការ OPCW ជាមួយនឹងឧបករណ៍ពិសោធន៍ ដែលដឹកមកពីប្រទេសហូឡង់ បានចំណាយពេលវេលាចំនួន៥ថ្ងៃពេញ ពោលចាប់ពីព្រឹកព្រលឹម ថ្ងៃទី១២ ដល់យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ក្នុងបេសកកម្មចុះទៅពិនិត្យ និងធ្វើពិសោធន៍វាយតម្លៃ គ្រាប់បែកគីមីទម្លាក់ដោយអាមេរិក ដែលអាជ្ញាធរកម្ពុជា បានរកឃើញ នៅខេត្តមណ្ឌលគិរីចំនួន១០គ្រាប់ ខេត្តត្បូងឃ្មុំចំនួន២គ្រាប់ និងស្វាយរៀង២៩គ្រាប់។
ក្រុមបច្ចេកទេសរបស់អង្គការ OPCW បានមកដល់កម្ពុជា នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីមកពិនិត្យ និងវាយតម្លៃគ្រាប់បែកគីមី ដែលទម្លាក់ដោយអាមេរិក តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីរកឃើញគ្រាប់បែកគីមី ជាច្រើនគ្រាប់ និងរួមទាំង បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ តាមការគ្រោងទុកក្រុមបច្ចេកទេសទាំង៤នាក់នេះ ចាកចេញពីកម្ពុជា ត្រឡប់ទៅប្រទេសហូឡង់វិញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។
គ្រាប់បែកគីមីជាអាវុធដ៏ប្រល័យលោក ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់។ អនុសញ្ញាស្តីពីអាវុធគីមី បានចែងថា ប្រទេសជាម្ចាស់អាវុធគីមី មានកាតព្វកិច្ចទទួលខុសត្រូវលើ គ្រាប់បែកគីមីរបស់ខ្លួន ហើយក៏ត្រូវទទួលភារៈបោសសំអាតគ្រាប់បែកគីមីទាំងនេះផងដែរ។ តាមអនុសញ្ញានេះ អាមេរិកត្រូវតែមានកាតព្វកិច្ចបោសសំអាតគ្រាប់បែកគីមីលើដីខ្មែរ ហើយសងការខូចខាត បណ្តាលមកពីគ្រាប់បែកគីមីនេះផងដែរ។
របាយកាណ៍របស់ស៊ីម៉ាក់ បានបង្ហាញថាចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧៥ អាមេរិកបានទម្លាក់គ្រាប់បែកជាច្រើនប្រភេទលើដីខ្មែរ ក្នុងនោះមានគ្រាប់បែកគីមីផងដែរ។ គ្រាប់ដែលទម្លាក់មានទម្ងន់ប្រមាណ ២លាន៨សែនតោន៕