(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងការប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះគម្រោងបើកកិច្ចពិភាក្សាលើប្រធានបទស្តីពី «ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ពីសំណាក់តំណាងអចិន្ត្រៃយ៍របស់អាមេរិក និងសហភាពអឺរ៉ុបប្រចាំនៅអង្គការសហប្រជាជាតិ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា បានចាត់ទុកការការបើកកិច្ចពិភាក្សានេះថា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជាការធ្វើផ្ទុយទៅនឹងមាត្រា២ នៃធមនុញ្ញរបស់អង្គការសហប្រជាជាតិ។

តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលបានផ្ញើទៅកាន់បណ្តាប្រទេសនានាប្រចាំនៅអង្គការសហប្រជាជាតិនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ តំណាងរបស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា តំណាងអចិន្ត្រៃយ៍របស់អាមេរិក និងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ គ្រោងរៀបចំកិច្ចពិភាក្សាមួយស្តីពី «ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលនឹងធ្វើឡើងនៅស្ថានបេសកកម្មអចិន្ត្រៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា បានហៅគម្រោងពិភាក្សាស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពីសំណាក់តំណាងអាមេរិក និងសហភាពអឺរ៉ុបនៅសហរដ្ឋអាមេរិក គឺក្នុងហេតុផលនយោបាយ និងមានចេតនាយ៉ាងច្បាស់ក្នុងការបំភាន់សាធារណៈមតិអន្តរជាតិ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការលើកឡើងរបស់បេសកកម្មអចិន្ត្រៃយ៍សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាអកប្បកិរយាដ៏ក្រអឺតក្រទម និងគ្មានការគោរព និងជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយពីគោលការណ៍នៃការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដូចមានចែងក្នុងមាត្រា២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្នុងសេចក្តីថ្លែងការណ៍នេះ ក៏បានបង្ហាញពីចំណាត់ការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ក៏ដូចជាការរំលាយគណបក្សសង្រ្គោះជាតិ។ សេចក្តីថ្លែងការណ៍ក៏បានបង្ហាញពីចំណាត់ការលើអង្គការ NDI និងបញ្ហារបស់វិទ្យុអាស៊ីសេរី និង VOA ផងដែរ៕