(កំពង់ចាម)៖ អធិការនគរបាលស្រុកចំនួន២ ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អធិការ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកចំនួន២ រួមមាន៖ ពេលព្រឹកនៅអធិការដ្ឋាននគរបាលស្រុក ស្រីសន្ធរ សមាសភាពចូលរួមសរុប៧៥នាក់ និងពេលរសៀល នៅអធិការដ្ឋាននគរបាលស្រុកកោះសូទិន សមាសភាពចូលរួម៨៩នាក់ ដែលពិធីនេះក៏មានវត្តមានលោកប្រធានក្រុមប្រឹក្សា លោកអភិបាល លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងលោក លោកស្រីប្រធានការិយាល័យជុំវិញស្រុកទាំង២ផងដែរ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានលើកឡើងថា ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីនេះ ដោយសារតែថ្នាក់ដឹកនាំ បានមើលឃើញពីគុណសម្បត្តិ និងការខិតខំប្រឹងប្រែងរបស់មន្ដ្រីក្រោមឱវាទ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំ និងផ្ដាំផ្ញើដល់មន្ដ្រីនគរបាលដែលទើបដំឡើងតំណែងថ្មី ត្រូវបានប្រើប្រាស់តួនាទីនេះ ឲ្យបានសមស្របតាមច្បាប់ និងវិជ្ជាជីវៈ ហើយត្រូវបម្រើពលរដ្ឋឲ្យបានល្អ និងពង្រឹងការសាមគ្គីផ្ទៃក្នុងបន្ថែមទៀត បើទោះបីពេលនេះបានអនុវត្តល្អក៏ដោយ៕