(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានធ្វើសេចក្តីថ្លែងការណ៍ផ្ញើទៅកាន់បណ្តាប្រទេសនានា ដែលមានអាសនៈនៅអង្គការសហប្រជាជាតិជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន និងឆ្លើយតបចំពោះការប្រតិកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបលើស្ថានការណ៍នយោបាយនៅកម្ពុជា។
ក្នុងលិខិតនេះស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា បានសូមធ្វើការតវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងនឹងការលើកឡើងរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍អាមេរិក និងសហភាពអឺរ៉ុបប្រចាំអង្គការសហប្រជាជាតិ ដែលថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថា ការលើកឡើងបែបនេះ គឺក្នុងហេតុផលនយោបាយ និងមានចេតនាយ៉ាងច្បាស់ក្នុងការបំភាន់សាធារណៈមតិអន្តរជាតិ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការលើកឡើងរបស់បេសកកម្មអចិន្ត្រៃយ៍សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាអកប្បកិរយាដ៏ក្រអឺតក្រទម និងគ្មានការគោរព និងជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយពីគោលការណ៍នៃការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដូចមានចែងក្នុងមាត្រា២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្នុងសេចក្តីថ្លែងការណ៍នេះ ក៏បានបង្ហាញពីចំណាត់ការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ក៏ដូចជាការរំលាយគណបក្សសង្រ្គោះជាតិ។ សេចក្តីថ្លែងការណ៍ក៏បានបង្ហាញពីចំណាត់ការលើអង្គការ NDI និងបញ្ហារបស់វិទ្យុអាស៊ីសេរី និង VOA ផងដែរ។
ខាងក្រោមជាសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិជាភាសាអង់គ្លេស និងមានបកប្រែជាភាសាខ្មែរ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ៖