(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចេញគោលការណ៍ថ្មីជាច្រើនចំណុចពាក់ព័ន្ធនឹងគ្រឹះស្ថានអប់រំ នៅថ្នាក់ឧត្តមសិក្សា ដើម្បីសម្រួលឲ្យការអប់រំនៅថ្នាក់ឧត្តមសិក្សានេះកាន់តែល្អប្រសើរ។
ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចបានជួបប្រជុំជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សានៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើជូនលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សេចក្តីសម្រេចថ្មីនេះមានចំនួន ៩ចំណុចរួមមាន៖
* ក្នុងពេលដំណើរការវាយតម្លៃគុណភាពខាងមុខ ចាត់ទុកជាបន្ទុករបស់រដ្ឋនូវការបង់វិភាគទានសេវារដ្ឋបាលសម្រាប់ដំណើរការវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា
* លើកលែងការតម្កល់ប្រាក់កក់លើការស្នើសុំបើកគ្រឹះស្ថានសិក្សា
* ចាត់ទុកជាមោឃភាពលើការស្នើសុំបន្តសុពលភាពជាថ្មី នៃអាជ្ញាប័ណ្ណឡើងវិញ ៥ឆ្នាំ របស់គ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត
* វិស័យគ្រូបង្រៀនមិនអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនធ្វើការបណ្តុះបណ្តាលឡើយ
* ការផ្ទេរក្រេឌីត ដែលជំនាញដូចគ្នាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺអាស្រ័យគ្រឹះស្ថានដែលទទួលធ្វើការវាយតម្លៃ។ ការផ្ទេរក្នុងវិស័យសុខាភិបាល ត្រូវពិភាក្សាគ្នារវាងគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ជាមួយរដ្ឋមន្ត្រីសុខាភិបាល ប៉ុន្តែបើផ្ទេរពីវិស័យសុខាភិបាល ទៅគ្រឹះស្ថានមួយទៀតដែលមិនមែនជំនាញសុខាភិបាល ត្រូវពិភាក្សារវាងគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល និងគ្រឹះស្ថានផ្សេងទៀត ជាមួយក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
* ការធ្វើអធិការកិច្ចទាំងឡាយត្រូវធ្វើតាមជំនាញក្រសួងណាក្រសួងនោះ ជាអ្នកធ្វើការត្រួតពិនិត្យទទួលខុសត្រូវ ឯគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា បំពេញតួនាទីស្នូលបែងចែកឲ្យជំនាញតាមក្រសួង
* រដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវបង្កើតគណៈកម្មការរួមរវាងក្រសួងសុខាភិបាល និងគ្រឹះស្ថានឧត្តមសិក្សាវិស័យសុខាភិបាល ដើម្បីដោះស្រាយបាតុភាពអវិជ្ជមាន
* ការផ្ទេរក្របខ័ណ្ឌគ្រប់គ្រងទៅក្រសួងសុខាភិបាលគ្រឹះស្ថានឧត្តមសិក្សាក្នុងវិស័យសុខាភិបាល ដែលបណ្តុះបណ្តាលមិនទាន់ចប់ជាមួយក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តក្រោមយន្តការរបស់ក្រសួងអប់រំ យុវជន និងកីឡា រហូតដល់ចប់ ប៉ុន្តែវគ្គបណ្តុះបណ្តាលថ្មី ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល
* កម្មវិធីថ្នាក់ជាតិរបស់ក្រសួងសុខាភិបាល ត្រូវបោះពុម្ពផ្សព្វផ្សាយទាំងរដ្ឋ និងឯកជន បង្កើនពេលវេលាបណ្តុះបណ្តាល ដើម្បីការចេះដឹងទាំងអស់គ្នា។