(ប្រទេសថៃ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាល SEACEN លើកទី៣៧ និងសន្និសីទជាន់ខ្ពស់ថ្នាក់ទេសាភិបាលលើកទី៥៣ ស្តីពី «ការបន្តរក្សាស្ថិរភាពក្នុងស្ថានភាពអស្ថិរភាពពិភពលោក» នៅទីក្រុងបាងកក ប្រទេសថៃ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។

សន្និសីទ និងកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង នៅធនាគារកណ្តាលថៃ និងមានការចូលរួមពីសំណាក់ទេសាភិបាលធនាគារកណ្តាលនិងអាជ្ញាធររូបិយវត្ថុដទៃទៀត ដែលជាសមាជិកមជ្ឈមណ្ឌលស៊ាសិនមកពី ១៩ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងតំណាងមកពីធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាច្រើនរូបទៀត។

សន្និសីទជាន់ខ្ពស់ថ្នាក់ទេសាភិបាលលើកទី៥៣ បានពិភាក្សាពីហានិភ័យមកលើប្រព័ន្ធហិរញ្ញវត្ថុ ដែលអាចកើតចេញពីការធ្វើប្រក្រតីកម្មគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក បញ្ហាភូមិសាស្រ្តនយោបាយ ផលប៉ះពាល់នៃការប្រើប្រាស់គោលនយោបាយគាំពារនិយម និងនវានុវត្ដន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ។

បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗត្រូវ បានទទួលស្គាល់ថាបានផ្តល់កាលានុវត្តភាពដល់ ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការកាត់បន្ថយថ្លៃសេវានិងផលិតកម្មនានា ភាពឆាប់រហ័សនិងសុវត្ថិភាពនៃការទូទាត់ ដែលបន្តគាំទ្រដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ ប៉ុន្តែក៏ភ្ជាប់ជាមួយនូវហានិភ័យផងដែរប្រសិនបើមិនមានការគ្រប់គ្រងបានល្អប្រសើរ ជាពិសេសឥទ្ធិពលទៅលើថ្លៃ ការងារ និងការប្រើប្រាស់។

សន្និសីទក៏បានលើកឡើងពីសារៈសំខាន់ ក៏ដូចជាភាពចាំបាច់ក្នុងការបញ្ចូលការងារស្ថិរភាពហិរញ្ញវត្ថុ ទៅក្នុងមុខងារភារកិច្ចរបស់ធនាគារកណ្តាល ទន្ទឹមនឹងការអនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បីរក្សាស្ថិរភាពថ្លៃ ដែលនៅតែជាការងារអាទិភាពរបស់ធនាគារកណ្តាល ក្នុងការរួមចំណែកគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

ទន្ទឹមនេះ កិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាល SEACEN ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យមើលពីលទ្ធផលការងារក្នុងឆ្នាំ២០១៧ និងទិសដៅរយៈកាលមធ្យម របស់មជ្ឈមណ្ឌលស៊ាសិន។

ក្នុងឱកាសនោះផងដែរលោក ជា ចាន់តូ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន និងគាំទ្រទិសដៅការងារ របស់មជ្ឈមណ្ឌលស៊ាសិន។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ជាសមាជិកដ៏សកម្មមួយរបស់មជ្ឈមណ្ឌលស៊ាសិន បានទទួលនូវការជួយពង្រឹងសមត្ថភាពជំនាញ ធនាគារកណ្តាល ពីមជ្ឈមណ្ឌលស៊ាសិន និងបានរួមចំណែកធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលស៊ាសិនផងដែរ។ ជារួមអង្គប្រជុំក៏បានអបអរសារទរ​ចំពោះលទ្ធផលប្រចាំឆ្នាំ២០១៧ របស់មជ្ឈមណ្ឌលអាស៊ានសិន គាំទ្រការធ្វើកំណែទម្រង់របស់ស៊ាសិន និងបានអនុម័តលើការពង្រឹងតួនាទីរបស់ស៊ាសិនក្នុងការផ្តល់ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងពង្រឹងសមត្ថភាពជំនាញនានាដល់ប្រទេសជាសមាជិក។

ឆ្លៀតឱកាសនោះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យធនាគារ ដែលអនុស្សរណៈយោគយល់ថ្មីនេះត្រូវបានធ្វើបច្ចុប្បន្នកម្ម ស្របតាមការរីកចម្រើននិងទំនាក់ទំនងនៃប្រព័ន្ធធនាគារទាំងពីរ៕