(ប៊ិញភឿក, វៀតណាម)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃចន្ទ ០១កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលទស្សនាទីបញ្ជាការដ្ឋានស្រុកឡុកនិញ ខេត្តប៊ិញភឿក ប្រទេសវៀតណាម ។

ទីបញ្ជាការដ្ឋាននេះ ជាទីកន្លែងប្រវត្តិសាស្រ្តដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងយុទ្ធមិត្តទាំង ៤រូបផ្សេងទៀត ត្រូវបានគេដឹកតាមរថយន្ត GMG ពីទល់ដែន ដើម្បីយកទៅសួរចម្លើយក្នុងពេលឆ្លងដែនចេញពីប្រទេសកម្ពុជាស្វែងរកការជួយពីប្រទេសវៀតណាម ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត កាលពីឆ្នាំ១៩៧៧។

ទីបញ្ជាការដ្ឋានកន្លែងរំលឹកកម្រងអនុស្សាវរីយ៍តស៊ូរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន ទើបនឹងត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧នេះ ដោយបានដាក់កម្រងរូបភាពនៃការតស៊ូរបស់សម្តេចតេជោ និងយុទ្ធមិត្ត ក៏ដូចជារូបភាពកិច្ចសហប្រតិបត្តិការនានាក្នុងការរំដោះជាតិ ហើយក៏មានឆ្លាក់ជាផ្ទាំងថ្មបង្ហាញកាលបរិច្ឆេទនៃការអញ្ជើញទៅដល់របស់សម្តេចតេជោ និងយុទ្ធមិត្ត៤រូបផ្សេងទៀតកាលពីឆ្នាំ១៩៧៧ផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃចន្ទ ០១កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ប៉ាន សូរស័ក្តិ បានអញ្ជើញទៅខេត្តប៊ិញភឿក ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត៕