(ភ្នំពេញ)៖ ដើម្បីជាគន្លឹះក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ ដល់សារធារណជន ឬអ្នកដែលកំពុងរៀបចំគ្រោងនឹងបើកអាជីវកម្ម និងអ្នកដែលមានអាជីវកម្មមួយហើយចង់បើកបន្ដថែមទៀត ឲ្យដើរទៅកាន់ផ្លូវជោគជ័យ សហគ្រិនឆ្នើមចំនួន៣រូប រួមមានលោក សុខ ពុទ្ធិវុធ ប្រធានក្រុមហ៊ុន SOMA GROUP លោក គុយ វ៉ាត ប្រធានក្រុមហ៊ុន VTRUST GROUP និងលោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុន CAM-PAINT បានចូលខ្លួនមកចែករំលែកបទពិសោធ និងចំណេះដឹងជាច្រើនដល់សាធារណជន។
ថ្លែងក្នុងកម្មវិធី គន្លឹះក្នុងការគ្រប់គ្រងពហុអាជីវកម្ម នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ លោក សុខ ពុទ្ធិវុធ បានថ្លែងឲ្យដឹងថា ដើម្បីឲ្យអាជីវកម្មដើរដោយរលូន ត្រូវតែចេះធ្វើការជាក្រុម មានគំនិត និងចក្ខុវិស័យវែងឆ្ងាយ ដើម្បីដើរទៅឲ្យបានវែងឆ្ងាយ មិនមែនដើរបានតែ១ថ្ងៃ ឬពីរថ្ងៃ បែកបាក់គ្នានោះឡើយ។
លោកបានបន្ថែមទៀតថា បុគ្គលដែលជោគជ័យ ពេលធ្វើការមិនយកលុយធំជាងដៃគូជំនួញនោះឡើយ ហើយបុគ្គលណាដែលយកលុយជាធំនោះ នឹងមិនដំណើរការវែងឆ្ងាយនោះឡើយ ហើយដើម្បីមើលចរិកមនុស្សឲ្យច្បាស់ត្រូវតែផ្ដល់សិទ្ធិអំណាច និងប្រាក់។
លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុន CAM-PAINT បានចែករំលែកបទពិសោធន៍ជាច្រើនដែរថា ការធ្វើអាជីវកម្មមានមូលដ្ឋានធំៗចំនួន៥ ទី១, ការបង្កើតសហគ្រាស ទី២, ចំណូល មានន័យថា កាលណាបង្កើតសហគ្រាស គឺត្រូវការចំណូល និងត្រូវការបុគ្គលិកម្នាក់ ដែលពូកែធ្វើទីផ្សារ ទី៣, ការគ្រប់គ្រងធនធានមនុស្ស មានន័យថា ចង់ឲ្យអាជីវកម្មទទួលបានជោគជ័យ មិនត្រូវតែដើរប្រមូលទុនមួយមុខនោះទេ តែត្រូវដើរប្រមូលមនុស្សល្អជាមុនសិន ហើយវិធីដែលប្រមូលមនុស្សល្អបំផុត គឺត្រូវធ្វើយ៉ាងណាឲ្យខ្លួនឯងល្អសិន ព្រោះគ្មានមនុស្សល្អណាមកបំរើមនុស្សអន់នោះឡើយ ទី៤, ការគ្រប់គ្រងហិរញ្ញវត្ថុ និងទី៥, ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ដើម្បីធ្វើយ៉ាងណាឲ្យសហគ្រាស ធ្វើដំណើរឆ្ពោះទៅមុខ។
ជាមួយគ្នានោះ លោក គុយ វ៉ាត ប្រធានក្រុមហ៊ុន VTRUST GROUP ក៏បានចែករំលែកចំណេះដឹង ពីការធ្វើអាជីវកម្មជាច្រើន ចំណុចដល់សាធារណជនផងដែរ ក្នុងនោះលោកក៏បានចែររំលែកពីការធ្វើជំនួញនានា របៀបរបរការទំនាក់ទំនង និងការធ្វើខ្លួនជាអ្នកដឹកនាំ។
សូមបញ្ជាក់ថា កន្លងមកនេះកម្មវិធី Executive Talks 2017 បានរៀបចំឡើងចំនួនបីដងរួចមកហើយ ដោយមានការចូលរួមយ៉ាងផុសផុលពីសំណាក់ភ្ញៀវដែលមានអាជីវកម្មផ្ទាល់ខ្លួន ហើយកម្មវិធីនេះបានចែករំលែកចំណេះដឹងជាច្រើន ដល់សាធារណជន ឲ្យយល់ដឹងពីការធ្វើអាជីវកម្មផ្សេងៗ៕