(ភ្នំពេញ)៖ លោក ឌី ពៅ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ថា មនុញ្ញផលកើតចេញពីសុខសន្តិភាពបាននឹងកំពុងរុញច្រានជាតិកម្ពុជាឲ្យមានការរីកចម្រើន ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហើយក្នុងនោះភោជនីយដ្ឋានក៏បានរីកដុះដាល់ច្រើនផងដែរ។
លោក ឌី ពៅ បានថ្លែងដូច្នេះក្នុងពេលរូបលោកអញ្ជើញបើកសម្ពោធភោជនីយដ្ឋានថ្មីមួយស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ត្រង់ស្តុបផ្សារដីហុយ ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលមានឈ្មោះថា «ភោជនីយដ្ឋាន តាយ ស៊ីង» នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។
លោក ឌី ពៅ បានហៅការរីកដុះដាល់ភោជនីយដ្ឋានជាច្រើននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានា គឺជាការបង្ហាញឲ្យឃើញភាពរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់សង្គមកម្ពុជា ដែលកើតចេញពីការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គមនាពេលបច្ចុប្បន្ននេះ។
លោក តាន់ គឹមស្រ៊ុន ម្ចាស់ភោជនីយដ្ឋាន តាយ ស៊ីង បានឲ្យដឹងថា ភោជនីយដ្ឋានរបស់លោកបាននាំមកជាមួយនូវចុងភៅល្បីឈ្មោះមកពីប្រទេសចិន ក្នុងការចំអិនមុខម្ហូបបម្រើជូនអតិចិជន ជាមួយមុខម្ហូបជាច្រើនប្រភេទ ដែលនាំចូលពីប្រទេសចិន សឹង្ហបុរី និងមុខម្ហូបក្នុងស្រុក។
លោក តាន់ គឹមស្រ៊ុន ឲ្យដឹងទៀតថា ភោជនីយដ្ឋានរបស់លោក បានបើកទទួលអតិថិជនចូលពិសារចាប់ពីថ្ងៃនេះតទៅ ដោយក្នុងមួយថ្ងៃមានបម្រើជូន៣ពេល គឺអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលយប់។ ក្រៅពីមុខម្ហូបតាមបែបម្ហូបចិន ក៏មានការរៀបចំអាហារប៊ីហ្វេផងដែរ។
អតិថិជនអាចអញ្ជើញចូលរួមពិសាភោជនីយ៍ហារ និងភ្លក់រស់ជាតិអាហារតាមបែបម្ហូបចិន ដែលរស់ជាតិឆ្ងុយឆ្ងាញ់ និងមានតម្លៃសមរម្យ ពិសេសចុងភៅចម្អិនប្រកបដោយអនាម័យ និងទីកន្លែងមានផាសុខភាព។
លោក ឌី ពៅ បានផ្តាំផ្ញើដល់ម្ចាស់ភោជនីយដ្ឋានថ្មីនេះ ត្រូវមានភាពរ៉ាក់ទាក់ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវ តម្លៃសមរម្យ មានអនាម័យ និងមានផាសុខភាព ដើម្បីធ្វើឲ្យមានការគាំទ្រកាន់តែច្រើនពីអតិថិជន៕