(កំពង់ធំ)៖ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពី ការលើកកម្ពស់តួនាទី ភារកិច្ចក្នុងកិច្ចសហការសកម្មភាពសម្អាតមីន និងកាកសំណល់អាវុធជាតិផ្ទះ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដាស់តឿនដល់ប្រជាពលរដ្ឋអ្នកចម្ការដែលដាំដំណាំលើដីមិនទាន់បោសសម្អាតមីន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេល ក្នុងករណីប្រទះឃើញមីន ឬគ្រាប់មិនផ្ទុះ ឬអាវុធជាតិផ្ទុះផ្សេងៗ ដាច់ខាតត្រូវរាយការណ៍ដល់កម្លាំងសមត្ថកិច្ចភ្លាម។

លោកបានបន្តថា រាប់ចាប់តាំងពីសម័យសង្រ្គាមលោកលើទី២ សង្រ្គាមជំនាន់ លន់ ណុល និងសង្រ្គាមសម័យខ្មែរក្រហម បានបន្សល់កាកសំណល់ជាច្រើនរាប់ម៉ឺនតោននៅលើទឹកដីកម្ពុជា ហើយកាកសំណល់ទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងព្រៃ តាមជនបទ និងនៅក្នុងទីប្រជុំជនមួយចំនួនប្រឈមនឹងគ្រោះថ្នាក់ដោយធ្ងន់ធ្ងរ ពិសេសក្មេងៗជំនាន់ក្រោយដែលពុំស្គាល់កាកសំណល់ទាំងនេះ អាចនឹងទទួលរងគ្រោះថ្នាក់បាន។

ដូច្នេះហើយបានជាលោក គង់ វិមាន មានការព្រួយបារម្ភចំពោះប្រជាពលរដ្ឋ ដែលបានទៅគាស់កាយដីព្រៃយកធ្វើជាចម្ការស្វាយចន្ទីរ និងដំឡូងមី ដោយពុំទាន់បានទទួលការត្រួតពិនិត្យពីអង្គភាពកម្ចាត់មីន តែលោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ បើប្រទះឃើញវត្ថុគ្រោះថ្នាក់ទាំងនោះ ត្រូវរាយការណ៍ដល់កម្លាំងសមត្ថកិច្ចជាបន្ទាន់ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើនេះ ត្រូបានធ្វើឡើងនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងក៏មានការចូលរួមដោយលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងលោក ញ៉េប សែប អនុប្រធាននាយកកដ្ឋានកម្ចាត់មឺន។

លោក ញ៉េប សែប អនុប្រធាននាយកដ្ឋានមណ្ឌលកំចាត់មីនកម្ពុជា បានលើកឡើងថា លទ្ធផលការងារបោសសម្អាតក្នុងឆ្នាំ២០១៧ កងឯកភាពកម្ចាត់មីនទី៤ បានបោសសម្អាតលើផ្ទៃដី ១,០០០ហិកតា រកឃើញគ្រាប់មីន ១៣៣គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ២,០៣៩គ្រាប់ អំបែងគ្រាប់ ៤៣,៩៩៥ដុំ និងបានអន្តរាគមនជូនប្រជាពលរដ្ឋ ៤០៤លើក។ ដោយឡែកនៅខេត្តកំពង់ធំនេះ ដាក់កម្លាំង ៣ក្រុម ស្នើនឹង ៣៣នាក់ ចាប់ពង្រាយប្រតិបត្តិការនៅត្រីមាសទី១ ដើមឆ្នាំ២០១៨ ក្នុងស្រុកកំពង់ស្វាយ និងស្រុកសន្ទុក សុំឲ្យមានការសហការគ្នាជាមួយអាជ្ញាធរ ដើម្បីភូមិឃុំសុវត្ថិភាព។

លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល់ ស្នងការនគរបាលខេត្តកំពង់ធំ បានថា ក្នុងឆ្នាំ២០១៧នេះ សភាពការណ៍គ្រោះថ្នាក់ដោយសារមីន គឺពុំមានជនណាម្នាក់គ្រោះថ្នាក់នោះទេ ដោយសារមានការសហការគ្នាល្អជាមួយអង្គភាពកម្ចាត់មីន ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមទាំងបានធ្វើការផ្សព្វផ្សាយពីចំណេះដឹងដល់ប្រជាពលរដ្ឋពីអាវុធជាតិផ្ទុះ និងកាកសំណល់ជាតិផ្ទុះ ក្នុងនោះក៏មានប្រជាពលរដ្ឋរាយការណ៍ពីកាកសំណល់អាវុធជាតិផ្ទុះ ៧៥លើក រួមទាំងបានយកអាវុធមកប្រគល់ជូនដល់សមត្ថកិច្ច ហើយកាកសំណលទាំងនេះ បានប្រគល់ជូនអង្គភាពកម្ចាត់មីន៕