(ក្រចេះ)៖ ការដាក់ឲ្យដេញថ្លៃនូវគម្រោងអភិវឌ្ឍមូលដ្ឋានចំនួន៣គម្រោង ស្ថិតនៅស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានគេមើលឃើញថា អ្នកទទួលការដេញថ្លៃ មិនគោរពតាមក្រមសីលធម៌ ទៅតាមការណែនាំរបស់ គ.ជ.អ.ប ទេ ដោយហេតុថា អ្នកទទួលការដេញថ្លៃ បាននិយាយចរចាគ្នា ត្រូវដងត្រូវផ្លែគ្នាមុនរួច ទើបចូលដាក់សំណើរ ដើម្បីបង្គ្រប់កិច្ច ហើយក្រោយពីបើកលទ្ធផល ពួកគេបាននាំគ្នាទៅចែកទឹក តែប្រសេកប្រសាចដែលនៅមិនឆ្ងាយពីទីកន្លែងដេញថ្លៃនោះ។

គម្រោងអភិវឌ្ឍចំនួន៣ឃុំ ដែលបានដាក់ឲ្យដេញថ្លៃ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ប្រព្រឹត្តទៅនៅសាលាស្រុកឆ្លូង ខេត្តក្រចេះ នោះរួមមាន៖

ទី១៖ គម្រោងស្តារប្រឡាយដី២ខ្សែ ក្នុងឃុំហាន់ជ័យ ប្រវែង១.៨៣៣ គ.ម ទទឹងបាតក្រោម៥ម៉ែត្រ និងជម្រៅជីក២ម៉ែត្រ តម្លៃប៉ាន់ស្មាន១០៣,១៨២,៥១៦រៀល គម្រោងនេះ បានទៅលោក ប៉ាវ អ៊ីប ម្ចាស់ក្រុមហ៊ុន សំណង់សុខ ក្នុងតម្លៃ១០៣,០១៤,៦០០ រៀល។
ទី២៖ គម្រោងជួសជុលផ្លូវដីគ្រួសធម្មជាតិ២ខ្សែ (ទី១ ប្រវែង ០.៨គ.ម ទទឹង៣ម៉ែត្រ និងខ្សែទី២ ប្រវែង១.៧គ.ម ទទឹង៤ម៉ែត្រ) ក្នុងឃុំព្រែកសាម៉ាន់ ទឹកប្រាក់ដាក់ឲ្យដេញ តម្លៃ៤៦,៦៣៣,៦២៩រៀល បានទៅលោក សុះ រ៉ូទី ម្ចាស់ក្រុម រ៉ូទី អភិវឌ្ឍន៍ ក្នុងតម្លៃ ៤៦,០០០,០០០រៀល។
ទី៣៖ គម្រោងស្តារប្រឡាយដី២ខ្សែ (ខ្សែទី១ ប្រវែង០.៧គ.ម ទទឹងបាតក្រោម ២ម៉ែត្រ និងជម្រៅ២ម៉ែត្រ. ខ្សែទី២ ប្រវែង០.៦គ.ម ទទឹងបាតក្រោម៤ម៉ែត្រ និងជម្រៅ
៣.៥ ម៉ែត្រ) ក្នុងឃុំព្រែកសាម៉ាន់ តម្លៃដាក់ឲ្យដេញ៥២,៧៧៣,៥៣៥រៀល បានទៅលើលោកសុះ រ៉ូទី ម្ចាស់ក្រុម រ៉ូទី អភិវឌ្ឍន៍ ក្នុងតម្លៃ៥២,០០០,០០០រៀល។

បើតាមអ្នកសង្កេត ក្នុងដំណើរការដេញថ្លៃឃើញថា ទិដ្ឋភាពមិនមានការចាប់ប្រទាញប្រទង់គ្នាទេ គ្រាន់តែមានមនុស្សមួយក្រុមឈរជ្រោងច្រាងជុំវិញកន្លែង ដាក់សំណើរដេញថ្លៃ ហើយភ្នែករំពៃ ប្រុងប្រយ័ត្ន ក្រែងមានអ្នកដែលបាននិយាយគ្នារួច ចូលដាក់សំណើរដេញថ្លៃ ដែលរឿងត្រឹមត្រូវ អ្នកម៉ៅការទាំងអស់ត្រូវមានសណ្តាប់ធ្នាប់ ក្រោយពីអង្គុយស្តាប់ការណែនាំរបស់គណៈកម្មការរួច ត្រូវចូលដាក់សំណើរ ដោយមានរបៀបរៀបរយ។

ចំណែកតម្លៃដេញ បានគេសង្កេតឃើញថា ការដាក់សំណើមានតែ៣សំណើ គ្រប់គម្រោងទាំងអស់ និងការចុះថ្លៃតិចតួច មិនគួរឲ្យជឿ ដែលខុសពីកន្លែងដេញថ្លៃដែលមានការប្រកួតប្រជែង មានការដេញចុះរហូត៤០ ឬ ៥០ ភាគរយ ឬច្រើនជាងនេះ នៃតម្លៃដាក់ឲ្យដេញថ្លៃក៏មាន។

បន្ទាប់ពីម្ចាស់លទ្ធកម្ម បានបើកសំណើរ និងប្រកាស់លទ្ធផលរួច អ្នកទទួលការចាប់ផ្តើមកត់ឈ្មោះ អ្នកដែលត្រូវបានទឹកតែ រួចពួកគេបាននាំគ្នា ទៅជួបជុំនៅក្នុងអតីតរោងចក្រអារឈើ ដែលនៅមិនឆ្ងាយពីសាលាស្រុកឆ្លូង ដើម្បីចែកទឹកតែ និងមួយក្រុមទៀត បានទៅចែកទឹកតែ នៅបរិវេណវត្តពោធិ៍លើ។

គួរបញ្ជាក់ដែរថា ក្នុងក្រមសីលធម៌ អ្នកទទួលការតាមទម្រង់ទី៣៩ ដែលដាក់ចេញដោយ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោជាតិ ហៅកាត់(គ.ជ.អ.ប) គឺហាមមិនអោយអ្នកទទួលការ មានការឃុបឃិត ប្រព្រឹត្តអំពើពុករលួយ៕