(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុម ប្រឹក្សាភិបាល នៃក្រុមហ៊ុន GREX EXPERTS គ្រោងនឹងនាំយក Franchise ការគ្រប់គ្រងអចលនទ្រព្យដ៏ពិសេស ពីសហរដ្ឋអាមេរិកមកគ្រប់គ្រងខុនដូ SEA GATE SUITE នៅកម្ពុជានាពេលឆាប់ៗនេះ។
គម្រោងខុនដូ SEA GATE SUITE ដែលបានបោះទុនអស់ទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ និងបានបើកសម្ពោធលក់ជាផ្លូវការហើយ កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ក្រោមការចូលរួមជាអធិបតីភាពសម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ រួមទាំងម្ចាស់អាជីវកម្ម ជាច្រើរូបទៀតផង។
លោកបណ្ឌិត គីម ហ៊ាង បានថ្លែងឲ្យដឹងថា គម្រោង SEA GATE SUITE នេះ ជាគម្រោងលក្ខណៈអន្ដរជាតិ ដោយបានសហការគ្នារវាងកម្ពុជា-ចិន ដូចដែលបានដឹងហើយថា គម្រោងខុនដូនីមួយៗ ត្រូវការអ្នកគ្រប់គ្រងជាច្រើនផ្នែក ដូចជាក្រុមហ៊ុនជួយលក់ ក្រុមហ៊ុនគ្រប់គ្រងអាគារជាដើម។ សម្រាប់គម្រោងនេះជាគម្រោងបែបអន្ដរជាតិ ដូច្នេះហើយទើបគម្រោងនេះ ត្រូវការអ្នកគ្រប់គ្រងបែបអន្ដរជាតិ ដើម្បីគ្រប់គ្រង។
លោកបណ្ឌិតបានបញ្ជាក់ទៀតថា «ក្រុមហ៊ុន KHCN INVESTMENT & DEVELOPMENT ដែលជាម្ចាស់គម្រោងខុនដូ SEA GATE SUITE បានសហការជាមួយក្រុមហ៊ុនខាងយើងខ្ញុំ ដែលជាក្រុមហ៊ុនមួយដែលជំនាញការគ្រប់គ្រងអចលនទ្រព្យមកពីអាមេរិក ការសហការនេះដើម្បីគ្រប់គ្រងលើអាគារខុនដូ ហើយនៅពេលដែលគម្រោងត្រូវបានបញ្ចប់ការសាងសង យើងនឹងចូលគ្រប់គ្រងអាគារនេះ»។
លោកបណ្ឌិតបានបន្ថែមទៀតថា គម្រោងនេះមានរហូតទៅដល់ជាង១ពាន់បន្ទប់ និងមានផ្ទៃសំណង់រហូតដល់ទៅជាង១សែនម៉ែត្រក្រឡា ដោយមានមនុស្សរាប់ម៉ឺនរាប់សែននាក់រស់នៅទីនោះ ដូច្នេះហើយទើបគម្រោងខុនដូនេះត្រូវការ ក្រុមហ៊ុនអាជីពមួយ ដើម្បីមើលការខុសត្រូវលើអាគារនេះយ៉ាងស្ទាត់ជំនាញ។
លោកឧកញ៉ា អ៊ុក សុចិត្រ ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងជាតំណាងម្ចាស់ខុនដូ THE SEA GATE SUITE នៃក្រុមហ៊ុន KHCN INVESTMENT & DEVELOPMENT បានថ្លែងឲ្យដឹងថា ឆ្លងតាមចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជា ចំណងមិត្តភាពកម្ពុជា-ចិន តាមរយៈការវិនិយោគ គឺកំពុងមានសន្ទុះគួរឲ្យកត់សំគាល់ តួយ៉ាងការអភិវឌ្ឍន៍វិស័យលំនៅដ្ឋាននៅកម្ពុជាជាដើម។
លោកឧកញ៉ា បានបន្ដទៀតថា ក្នុងប្រទេសកម្ពុជាឃើញថា ខេត្តព្រះសីហនុជាតំបន់អេកូរទេសចរណ៍ដ៏មាន សក្ដានុពលមួយដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិឲ្យមកកំសាន្ដជាហូរហែរ ស្រប់ពេលដែលរាជរដ្ឋាភិបាលលកម្ពុជាបានបង្កើតឲ្យ មានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនផងដែរ។
សូមបញ្ជាក់ថាអគារខុនដូថ្មីនេះ បានបើកសម្ពោធលក់ជាផ្លូវការហើយនាយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ជាអគារដែលខ្ពស់ជាងគេបំផុតនៅទីក្រុងព្រះសីហនុដែលត្រូវបានរចនាប្លង់អគារឡើងដោយការផ្ចិតផ្ចង់ និងភាពល្អឥតខ្ជោះដែលមានកម្ពស់១៤៦ម៉ែត្រ ស្មើនឹង៤៣ជាន់ នៃផ្ទៃសំណងសរុបជាង១សែន ម៉ែត្រក្រឡា ក្នុងនោះក៏មានបំពាក់នូវឿបករណ៍ទំនើបៗដូចជា អាងហែលទឹកដល់ធំមួយមានប្រវែងរហូតដល់៧០ម៉ែត្រ ចំណែកលំនៅដ្ឋាន ជាន់ទី៨ វិញមានបំពាក់នូវក្លឹបហាត់ប្រាណ ភោគជនីយដ្ឋាន ផ្សារទំនើប សណ្ឋាគារផ្កាយ៥ កន្លែងកំសាន្ដ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងចត់ឧទ្ធម្ភាចក្រ នៅលើអាគារថែមទៀតផង៕