(ក្វាងជូតូច-កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ឡុង ឌីម៉ង់ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ បានសហការជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ (KOFIH) និងសហគមន៍ខ្មែរទីក្រុងក្វាងជូតូច រៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់មូលនិធិចុះពិនិត្យព្យាបាល សុខភាពទូទៅ ពិនិត្យបេះដូង ចាក់វ៉ាក់សាំងការពារផ្ដាសាយ និងថតX-Ray ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន១២៥នាក់ នៅមជ្ឈមណ្ឌលស្នាក់អាស្រ័យពលករបរទេស ទីក្រុងក្វាងជូតូច។
យុទ្ធនាការនេះ ធ្វើឡើក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការចូលរួមចំណែកការពារ ទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ។
នេះជាលើកទី៧ហើយ ដែលក្រុមការងារស្ថានទូតបានសម្របសម្រួល និងបង្កលក្ខណៈជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់មូលនិធិដើម្បីចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីបានចុះអនុស្សារណៈយោគយល់គ្នា រវាងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ។
ទន្ទឹមនេះដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋបន្ថែមទៀត ស្ថានទូតបាននិងកំពុងស្វែងរកកិច្ចសហការ ជាមួយបណ្ដាសមាគមគ្រូពេទ្យស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺឲ្យកាន់តែទូលំទូលាយ និងទាន់ពេលវេលា។
ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមបន្ដលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករដែលបាននិងកំពុងបំពេញការងារ ដោយកម្លាំងសូមបន្ដយកចិត្តទុកដាក់ថែរក្សាការពារ សុខភាពដ៏មានតម្លៃ និងចូលរួមផ្សព្វផ្សាយដល់មិត្តភ័ក្រ ដើម្បីជៀសវាងកុំឲ្យមានហានិភ័យប៉ះពាល់ដល់អាយុជីវិត ដ៏មានតម្លៃ៕