(ព្រះវិហារ)៖ លោក ជា គឹមសេង អិបាលស្រុកជាំក្សាន្ត បានដឹកនាំយុវជនស្ម័គ្រចិត្តក្នុងស្រុកចំនួន២០នាក់ ចូលរួមបរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ។
លោក ជា គឹមសេង បានឲ្យដឹងថា ដោយមានការអំពាវនាវពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក៏ដូចជា ការអំពាវនាវរបស់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក១៦មករាខេត្ត ដែលមានការខ្វះឈាមក្នុងការជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ លោកបានដឹកនាំក្រុមយុវជនស្ម័គ្រចិត្ត មកចូលរួមបរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែក១៦មករា សម្រាប់ទុក្ខជួយសង្រ្គោះជីវិត អ្នកជម្ងឺដែលខ្វះខាតឈាម ហើយយុវជនដែលស្ម័គ្រចិត្តបរិច្ចាគឈាមនាពេលនះ គឺយុវជន ស.ស.យ.ក.ចំនួន១៥នាក់ និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមស្រុកចំនួន៥នាក់ផងដែរ។
ជាមួយគ្នានេះ លោកក៏សូមអំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត ចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់ៗគ្នា។
លោកវេជ្ជបណ្ឌិត សុក វាសនា ប្រធានមន្ទីរពេទ្យបង្អែក១៦មករា បានឲ្យដឹងថា ការផ្តល់ឈាម គឺមិនប៉ះពាល់ដល់សុខភាពទេ។
លោកបញ្ជាក់ថា សម្រាប់បុរស ក្រោយពេលបរិច្ចាគឈាមរួច នៅ៣ខែក្រោយយើងអាចបរិច្ចាគឈាមម្តងទៀតបាន ដោយឡែកសម្រាប់ស្ត្រីក្រោយបរិច្ចាគឈាមរួច គឺ៤ខែក្រោយអាចបរិច្ចាគឈាមម្តងទៀតបានផងដែរ៕