(ភ្នំពេញ)៖ ភាពយន្តខ្នាតធំថ្មី បែបកំប្លុកកំប្លែង កាច់កុងគ្នា និងមានឈុតឆាកស្នេហា មនោសញ្ចេតនាស៊ីជម្រៅ មានចំណងជើងថា «ក្រមុំចាស់ប៉ះក្មេងស្ទាវ» របស់ផលិតកម្ម មហាហង្ស ពេលនេះ បានចេញជាវីដេអូ Trailer ហើយ ខណៈដែលសាច់រឿងពេញទាំងមូល នឹងចូលមកអង្រួនទីផ្សារភាពយន្ត នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរចូលមកដល់ ខាងមុខនេះ ពោលគឺនឹងបញ្ចាំងតាមរោភាពយន្តនានា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ។

តួសម្ដែងនៅក្នុងភាពយន្តបែបសំណើចនេះ មានការចូលរួមសម្ដែង ដោយ​តារាសម្ដែងស្រី សំដីចាក់ទឹកមិនលិច អ្នកនាង សុខ សោម៉ាវត្តី ត្រូវបានគេដឹងថា សព្វថ្ងៃនេះ កំពុងមមាញឹកនឹងការងារសិល្បៈជាខ្លាំង ដោយថ្មីៗនេះ អ្នកមេម៉ាយចាយរាងរូបនេះ បានបង្ហាញវត្តមានសារជាថ្មីម្ដងទៀត នៅក្នុងខ្សែភាពយន្តរឿងថ្មី​ របស់ផលិតកម្មមហាហង្ស មានចំណងជើងថា «ក្រមុំចាស់ប៉ះក្មេងស្ទាវ»។ អ្វីដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍នោះ គឺការប៉ះគ្នាលើកដំបូងរបស់ ស្រីស្អាត សុខ សោម៉ាវត្តី បានសម្ដែងជាតួអង្គ មានចរឹកកាច ឆ្នាស់​ខ្លាំង ពេលជួបគ្នាជាលើកដំបូង ជាមួយ តារាចំណូលថ្មី លោក ខេ ដែលកាន់តែធ្វើឲ្យទស្សនិយភាព នៅក្នុង​សាច់រឿង មានភាពទាក់ទាញ និង​ជារសជាតិថ្មីមួយបែប សម្រាប់អ្នកទស្សនាគ្រប់រូប។

ជាការពិតណាស់ អ្នកនាង សុខ សុម៉ាវត្តី ធ្លាប់ឆ្លងកាត់ការសម្ដែងជាច្រើនរឿងកន្លងមកហើយ នៅក្នុងនោះដែរ គេសង្កេតឃើញថា នាង តែងទទួលបានជោគជ័យ ទៅលើខ្សែភាពយន្តបែបកំប្លុកកំប្លែង ជាពិសេស ចំណុចពិសេសរបស់តារាក្រមិចក្រមើមរូបនេះ ពូកែខាងសម្ដែង ខ្សែភាពយន្តបែបកាច់កុងពាក្យសម្ដី កំប្លែងស្ងួត ពោលគឺនាង មានសមត្ថភាព សម្ដែងធ្វើឲ្យមហាជនផ្ទុះសំណើចនឹងរូបនាង។​ ជាក់ស្ដែង នៅក្នុងរឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ» គេសម្គាល់ឃើញថា អ្នកនាង សុខ សោម៉ាវត្តី សម្ដែងបានល្អ​ជានារីកាច ឆ្នាស់ឆ្នើម ក្រមិចក្រមើម ត្រូវនឹងចារិតលក្ខណៈរបស់នាង ពីធម្មជាតិតែម្ដង ធ្វើឲ្យសាច់រឿងមួយនេះ មានភាពទាក់ទាញ ត្រូវចិត្តរបស់​មហាជន។

យ៉ាងណាមិញ ភាពយន្តរឿង «ក្រមុំចាស់ ប៉ះក្មេងស្ទាវ» នេះជាវណ្ណកម្មថ្មីមួយប្លែក របស់ផលិតកម្មមហាហង្ស ក៏ដូចជាចំណីអារម្មណ៍មួយប្លែក សម្រាប់មហាជន ដោយសារខ្សែភាពយន្តនេះ ជាការប៉ះគ្នាលើកដំបូង រវាងតារាសម្ដែងស្រីដ៏ល្បី អ្នកនាង សុខ សោម៉ាវត្តី និង តារាចំណូលថ្មី លោក ខេដែលនេះជារសជាតិយ៉ាងថ្មី សន្លាង សម្រាប់មហាជន។

ភាពយន្តខាងលើ ជាសាច់រឿង បង្ហាញពីស្នេហាកាច់កុងគ្នា និងសម្បូរគ្រប់រសជាតិ​ ព្រមទាំង មានការចូលរួមសម្ដែងដោយ អ្នកនាង សុខ សោម៉ាវត្តី, លោក ខេ, លោក អូន ឧស្សាហ៍ លោក ម៉ុង, កញ្ញា ម៉ៅ គឹមធីតា, លោក លឹម រដ្ឋា, កញ្ញា ឌី ល័ក្ខរស្មី, លោក ថម មី និងតារាកិត្តិយសជាច្រើនដួងទៀត សុទ្ធតែជាតារាដែលពោរពេញ ទៅដោយសម្ថភាព បទពិសោធ ក្នុងការសម្តែង។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ដខ្នាតធំ «ក្រមុំចាស់ប៉ះក្មេងស្ទាវ» នឹងមានដាក់បញ្ចាំងនៅតាមរោងភាពយន្ត​ នៅថ្ងៃទី​០១ ខែ មីនា ឆ្នាំ២០១៨ខាងមុខ។ រឿងនេះគឺជាស្នាដៃនិពន្ធរបស់ លោកអគ្គនាយកផលិតកម្មមហាហង្សលោក អ៊ិន សុភិន រីឯជំនួយការនិពន្ធ កញ្ញា ម៉ៅ ចាន់រស្មី ដឹកនាំរឿងដោយ លោក ជុំ វិចិត្រ។

តោះ ចង់ដឹងថា ស្នាដៃថ្មី របស់អ្នកនាង សុខ សោម៉ាវត្តី មានភាពទាក់ទាញដល់កម្រិតណានោះ ទស្សនា Trailer រឿង «ក្រមុំចាស់ ប៉ះក្មេងស្ទាវ» ដូចខាងក្រោម៖