(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង៣ពាន់នាក់ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណជាង២០០នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅវត្តលាំងជៃ ភូមិលាំងជៃ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃចំនួន៣,៥០១នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។
ក្នុងនោះបានពិនិត្យព្យាលបាលជំងឺកុមារ១៦៣នាក់, ជំងឺស្រ្តី១៨៤នាក់, ជំងឺផ្លូវចិត្ត១២៦នាក់, ជំងឺឫសដូងបាត១៣៩នាក់, ជំងឺសន្លាក់ឆ្អឹង១០២នាក់, ជំងឺរលាកសួត២០១នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១០៧នាក់, ជំងឺភ្នែក៩៩នាក់, ជំងឺសើរស្បែក៨៧នាក់, ជំងឺទឹកនោមផ្អែម១៧៦នាក់, ជំងឺមាត់ធ្មេញ១២៣នាក់, អេកូសាស្ត្រ១៦៧នាក់ និងជំងឺទូទៅ១៨១៥នាក់ និងព្យាបាលរបួស និងវះកាត់តូច១២នាក់។
ប្រជាពលរដ្ឋ២រូប ដែលមកពីស្រុកបសេដ្ឋដូចគ្នា សុទ្ធតែមានបំណងក្នុងការសំណូមពរ ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យចុះមកភូមិឃុំរបស់គាត់ ឲ្យបានញឹកញាប់ ដែលនេះអាចសបញ្ជាក់ឲ្យឃើញពីការស្រឡាញ់ ក្នុងដឹកនាំរបស់ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមួយនេះ។
សម្រាប់ប្រជាពលរដ្ឋទាំង២រូប មកពីឃុំផ្សេងគ្នា តែពួកគាត់សុទ្ធតែមានគោលបំណងដូចគ្នា គឺចង់ស្នើដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ ឧស្សាហ៍ចុះមកពិនិត្យសុខភាព ពួកគាត់ឲ្យបានញឹមញាប់បន្តិច ព្រោះថាការពិនិត្យរបស់ក្រុមគ្រូពេទ្យគឺមិនបានបង់ថ្លៃ មួយវិញទៀតគឺគុណភាពថ្នាំ។
លោកយាយ ធឿង សុផាត ជាពលរដ្ឋម្នាក់ក្នុងចំណោម ប្រជាពលរដ្ឋប្រមាណជិត៤ពាន់នាក់ ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានពិនិត្យ និងព្យាបាល ហើយបន្ថែមពីនោះ គឺផ្តល់ថ្នាំដោយមិនគិតថ្លៃទៀត។ លោកយាយ បាននិយាយថា គាត់មានជំងឺឈឺសន្លាក់ដៃជើង ឧស្សាហ៍ចុករោយ ហើយកាលពីប៉ុន្មានសប្តាហ៍មុន លោកយាយក៏ធ្លាប់ទទួលបានថ្នាំបែបនេះដែរ ដោយបានព្យាបាលគាត់ឲ្យមានសុខភាពរឹងមាំឡើងវិញ មិនតែប៉ុណ្ណោះលោយយាយ ក៏បានសរសើរពីគុណភាពថ្នាំនេះផងដែរ។
ចំណែកលោកតាម្នាក់ទៀត ដែលមានជំងឺសួត ក្រោយបានឲ្យដឹងពីក្រុមគ្រូពេទ្យ ដែលមានរោគសញ្ញា ហត់ជាដើម បានបង្ហាញសេចក្តីរីករាយយ៉ាងខ្លាំង នៅពេលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានអញ្ជើញមកដល់ក្នុងស្រុកភូមិរបស់គាត់ ដោយព្យាបាលមិនគិតថ្លៃ។ លោកតាថា ការមកដល់ពីក្រុមគ្រូពេទ្យ បានធ្វើឲ្យគាត់ចំណេញយ៉ាងច្រើន ទាំងពេលវេលា និងថវិកា។ លោកតាក៏បានថ្លែងអំណរគុណដល់ លោក ហ៊ុន ម៉ានី ដែលបានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាល នៅភូមិនេះ។
សូមបញ្ជាក់ថារយៈពេល៦០ខែ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,២០៤នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៣៣លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន២៥៨,៤២៦នាក់។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបថា ដំណើរចុះទៅខេត្តកំពតរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺ ធ្វើឡើងចំខួប៥ឆ្នាំ ឈានចូលឆ្នាំទី៦ នៃការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រក៏ល្អមួយនេះឡើង។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕