Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋ កុំយកចំណីចិញ្ចើមផ្លូវ មកដាក់លក់ទំនិញផ្សេងៗ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ នៅខណ្ឌឬស្សីកែវ

18-12-2017 15:11

(ភ្នំពេញ)៖ តំណាងឲ្យលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ជាច្រើននាក់ ចុះប្រត្តបត្តិការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរៀបរយ ពិសេសធ្វើការបាញ់គំនូសពណ៍ក្រហមកំណត់ពី៤ ទៅ៥ម៉ែត្រពីចិញ្ចើមផ្លូវ ដើម្បីកំណត់បង្ការ ទប់ស្កាត់ ការយកចំណីចិញ្ចើមផ្លូវមកដាក់តាំងលក់ដូរទំនិញផ្សេងៗ ពីសំណាក់ប្រជាពលរដ្ឋជាអាជីវករ ដែលច្បាប់កំពុងហាមឃាត់ដាច់ខាត ក្នុងការជួយលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ ចាប់ពីរង្វង់មូលកាមកូស៉ីធី ក្បែរផ្សារទំនប់ (ហៅផ្សារងិនអាន) និងផ្សារជ័យជំនះ តាមបណ្ដោយផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) ស្ថិតក្នុងភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ប្រាជ្ញ សីហា បានថ្លែងថា «ដើម្បីរក្សាបានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ ប្រកបដោយផាសុខភាព និងជួយលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញបាន គឺផ្ដើមចេញពីយើងទាំងអស់គ្នា» ដូច្នេះចាំបាច់ណាស់ ដើម្បីបញ្ឈប់សកម្មភាពពីការដាក់តាំងសម្ភារ ឫលក់ដូរទំនិញផ្សេងៗ ដែលរំលោភលើចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ពីសំណាក់ប្រជាពលរដ្ឋជាអាជីវករលក់ដូរ គឺត្រូវអនុវត្តឡើងជាបន្តបន្ទាប់ តែប្រសិនបើគ្មានកិច្ចចូលរួមសហការល្អពីប្រជាពលរដ្ឋនោះទេ បើទោះបីជាអាជ្ញាធរពាក់ព័ន្ធ មានវិធានការ ខិតខំប្រឹងប្រែងយ៉ាងណា ក៏គ្មានប្រសិទ្ធឡើយ «ដោយសារប្រជាពលរដ្ឋមួយចំនួនធំបានយល់ដឹងយ៉ាងច្បាស់អំពីច្បាប់ទម្លាប់» «និងមានមួយចំនួនតូចនៅពុំទាន់យល់ពីច្បាប់ទម្លាប់នោះទេ»