(ភ្នំពេញ)៖ នៅដើមឆ្នាំ២០១៨ ខាងមុខនេះ កម្ពុជានឹងដាក់ដំណើរការឱ្យបានទូលំទូលាយនូវប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (IT System) ដោយស្វ័យប្រវត្តិកម្ម ដើម្បីផ្ដល់ភាពងាយស្រួល និងចំណេញដល់ប្រជាពលរដ្ឋ ក្រោយពេលប្រព័ន្ធនេះ ត្រូវបានរៀបចំកែលម្អរួចរាល់។ នេះបើតាម លោក តូច ចាន់កុសល រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក តូច ចាន់កុសល បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៣ ស្តីពីគម្រោងនៃការធ្វើទំនើបកម្មនៃប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ នាសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន នាយកដ្ឋាន ព្រមទាំងប្រធាន និងក្រុមការងារជំនាញនៃអង្គការ JICA ផងដែរ។
លោក តូច ចាន់កុសល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំប្រព័ន្ធចុះបញ្ជីយានយន្ត ប្រព័ន្ធត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត និងប្រព័ន្ធស្វ័យប្រវត្តិកម្ម តាំងពីឆ្នាំ២០១៦មកម្ល៉េះ តែដំណើរការយើងមានចំណុចខ្វះខាតខ្លះ ដែលត្រូវកែតម្រូវ យើងក៏ស្នើឲ្យដៃគូ JICA ជួយបន្ថែម ព្រោះយើងទើបចាប់ផ្ដើមធ្វើដំបូង ដូចនេះយើងត្រូវការឲ្យគាត់ ជួយកែលម្អយើង ឲ្យប្រព័ន្ធនេះមានសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីកុំឲ្យគេលួច ឬHack ចូលប្រព័ន្ធរបស់យើង ធ្វើឲ្យព័ត៌មានយើងមានបញ្ហា»។
ការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្តនេះ ត្រូវបាន លោករដ្ឋលេខាធិការពន្យល់ថា នឹងធ្វើឱ្យប្រជាពលរដ្ឋ ចំណាយពេលវេលាតិច, ចៀសវាងការប្រកែកគ្នា រវាងអ្នកទទួលសេវា និងផ្ដល់សេវា។
លោកបានបន្តទៀតថា «យើងនឹងពង្រឹងប្រព័ន្ធនេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួល ដល់ប្រជាជនរបស់យើង ដោយពេលនេះ យើងបានភ្ជាប់ប្រព័ន្ធនេះ ជាមួយនឹងគយ ពន្ធដារ និងជាមួយអត្ដសញ្ញាណកម្ម ដើម្បីពេលយើងចុះបញ្ជី ឲ្យដឹងច្បាស់ថា សំបុត្រពន្ធមិនក្លែងក្លាយ ,ពេលដែរយើងផ្ទេរកម្មសិទ្ធិ គឺនឹងផ្ដល់ភាពងាយស្រួល ក្នុងការបង់ពន្ធកាត់ឈ្មោះ, កុំឲ្យប្រជាជនយើងចំណាយពេលយូរដល់ ពីរ-បីថ្ងៃហើយ នៅតែមិនទាន់រួចរាល់នោះ ពិសេសយើងភ្ជាប់ជាមួយនឹងអត្ដញ្ញាណកម្ម ដើម្បីដឹងឲ្យច្បាស់ថា អ្នកដែលចុះបញ្ជីពិតជាមានអត្ដសញ្ញាណ អាស័យដ្ឋានត្រឹមត្រូវ ប្រសិនបើបញ្ហាអ្វីនោះកើតឡើង ងាយស្រួលក្នុងការស្វែងរក ពិសេសក្នុងករណីប្រព្រឹត្ដខុសចរាចរណ៍អ្វីមួយនគរបាល ផាកពិន័យ អាចស្វែងរកឃើញលឿន ទៅតាមអាសយដ្ឋាន ព្រោះនគរបាលបច្ចុប្បន្ននេះ បានធ្វើនីតិវិធីផាកវិន័យ ដោយផាកនៅកន្លែងទេ កុំឲ្យមានបញ្ហាពុករលួយរឿងលុយកាក់ ដែលមហាជន លោកចោទប្រកាន់»។
លោក កែន សម្បត្តិ អគ្គនាយករងនៃនាយកដ្ឋានពន្ធដារ បានថ្លែងថា ពេលដែលមានការធ្វើទំនើបកម្ម នៃប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តទៀតនោះ យើងនឹងទទួលកំណត់ចំនួនយានដំណើរការបានល្អនៅដើមឆ្នាំក្រោយនេះ ទាំងប្រជាពលរដ្ឋ និងយើងទាំងអស់គ្នា ដឹងចំនួនពិតប្រាកដ នៃម្ចាស់យានយន្ដ អ្នកទិញបន្ដ ពិសេសអ្នកដែលមិនទាន់បានបង់ពន្ធ។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងថា គម្រោងនៃការធ្វើទំនើបកម្ម នៃប្រព័ន្ធចុះបញ្ជីនិងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តនេះ គឺពិតជាល្អណាស់ ព្រោះបានផ្ដល់ភាពងាយស្រួលដល់ទាំងប្រជាជន និងស្ថាប័នពាក់ព័ន្ធ ពិសេសគឺនគរបាលយើងតែម្ដង ព្រោះពេលយើងចុះទៅត្រួតពិនិត្យនៅកន្លែងណា គាត់មិនទាន់កាត់ឈ្មោះ ឬល្មើសវិន័យ មិនទាន់បង់ប្រាក់ យើងអាចដឹងភ្លាមៗ ដើម្បីធ្វើការស្វែងរកម្ចាស់យានយន្ដ ឲ្យគាត់ចូលមកបង់ផាកពិន័យតាមការកំណត់ ដោយកុំឲ្យមានអ្នកដែលប្រព្រឹត្ដខុសរួចខ្លួន។
បើតាមលោក កែន សម្បត្តិ អគ្គនាយករងនៃនាយកដ្ឋានពន្ធដារ បានឱ្យដឹង បច្ចុប្បន្ននេះកម្ពុជាយានយន្ដ និងម៉ូតូ សរុបជាង ៤លានគ្រឿង តែចំនួននេះ មិនទាន់ដកនូវចំនួនរថយន្ដ ដែលបានខូចខាតឈប់ប្រើប្រាស់នូវឡើយទេ ខណៈដែលក្នុងមួយឆ្នាំៗកើនឡើងប្រមាណ១៦%។ ដូច្នេះកម្រិតប្រជាជន មានជីវភាពកាន់តែប្រសើរឡើងជាច្រើនជាបន្ដបន្ទាប់៕