(ព្រះសីហនុ)៖ ក្រុមហ៊ុនចិន ដែលកំពុងមានវិវាទដីធ្លីជាមួយប្រជាពលរដ្ឋ នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចេញមកបកស្រាយជុំវិញរឿងដែលថា សន្ដិសុខក្រុមហ៊ុនរបស់ខ្លួន បានទៅដើរដកបង្គោលព្រំដី ដែលជាទង្វើគឃ្លើននឹងដីការក្សាការពារ របស់សាលាឧទ្ធរណ៍។
តាមលិខិតបំភ្លឺដែលផ្ញើមកកាន់អង្គភាព Fresh News នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ ភាគីក្រុមហ៊ុនចិន បានលើកឡើងថា ខ្លួនគ្រាន់តែការពារសិទ្ធិដីធ្លី និងផលប្រយោជន៍របស់ដីធ្លី និងមិនមានការរំលោភបំពានលើច្បាប់នោះទេ។
សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន ពលរដ្ឋដែលជាអ្នកចាំចំការនៅតំបន់ខាងលើនោះ បានអះអាងថា សន្តិសុខរបស់ក្រុមហ៊ុនចិន នៅតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងតែគឃ្លើននឹងដីកាសម្រេចរក្សាការពារ របស់សាលាឧទ្ធរណ៍ ដោយក្រុមហ៊ុនចិននោះ បានបញ្ជាឲ្យក្រុមសន្ដិសុខ ទៅដកបង្គោលព្រំដី ដែលមានវិវាទជាមួយពលរដ្ឋ បន្ទាប់ពីកាលពីពេលថ្មីៗនេះ ព្រះរាជអាជ្ញារង លឹម ប៊ុនហេង ដោយមានការចូលរួមពីកងរាជអាវុធហត្ថ និងអាជ្ញាមូលដ្ឋានជាច្រើននាក់ បានដឹកនាំអនុវត្តដីការក្សាការពារលើដីវិវាទនេះ។
បើតាមការរៀបពីអ្នកចាំដីនៅទីនោះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង១២៖៣០នាទីយប់ ឈានចូលថ្ងៃទី១៥ ខែធ្នូ មានខាងភាគីក្រុមហ៊ុនចិនចំនួន១០នាក់ បានដកបង្គោលរបងព្រំដែន អស់ចំនួន៧០បង្គោល នៅចំហៀងខាងត្បូងនៃដី។ លុះនៅព្រឹកមិញនេះ ខាងក្រុមហ៊ុនចិន មានគ្នាជិត១០នាក់ បានបន្ដមកដកបង្គោលរបង អស់ចំនួន៤៥ដើម និងបានបំផ្លាញលួសអស់ចំនួន៤ដុំ។
ជាមួយនឹងទង្វើយ៉ាងគឃ្លើន ដោយមិនញញើតច្បាប់ពីសំណាក់ក្រុមហ៊ុនចិនខាងលើនេះ ពលរដ្ឋដែលមានទំនាស់ដីខាងលើនេះ សូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយអន្ដរាគមន៍លើបញ្ហានេះផង ដោយសារតែក្រុមជនជាតិចិនទាំងនោះ មិនបានគោរពទៅតាមគោលការណ៍កំណត់របស់សាលាឧទ្ធរណ៍។
សូមរំលឹកថា ជុំវិញដំណើររឿងក្ដីវិវាទរវាងក្រុមហ៊ុនចិន រំលោភដីរបស់ជាមួយប្រជាពលរដ្ឋ នៅតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនោះ ត្រូវបានសាលាឧទ្ធរណ៍ចេញដីកា សម្រេចរក្សាការពារ ដោយហាមឃាត់មិនឲ្យក្រុមហ៊ុនចិន បន្តឈូសឆាយដីតទៅទៀត។
ដីការបស់សាលាឧទ្ធរណ៍ ដែលសម្រេចរក្សាការពារនោះ បានបញ្ជាក់ថា សម្រេចលុបដីកាសម្រេចអំពីពាក្យសុំតវ៉ា ចំពោះដីកាសម្រេចការពារលេខ ៤៨៥គរ/១៦ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ របស់សាលាដំបូងខេត្តព្រះសីហនុ ជាអសារបង់ និងតម្កល់ដីកាសម្រេចរក្សាការពារលេខ ៣៩គរ/១៤ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តព្រះសីហនុ ទុកជាបានការដដែល។
ដីការក្សាការពាររបស់សាលាឧទ្ធរណ៍នេះ ត្រូវបានដឹកនាំចុះអនុវត្តដោយ ព្រះរាជអាជ្ញារង លឹម ប៊ុនហេង និងមានការចូលរួមពីកងរាជអាវុធហត្ថ និងអាជ្ញាមូលដ្ឋានជាច្រើនទៀតផងដែរ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។
វិវាទដីធ្លីនេះ កើតឡើងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៣ ដោយឈ្មោះ ឡៅ ជូ, ឡៅ តា (ជាក្រុមហ៊ុនចិន) និងគូកនជាច្រើន បានយកគ្រឿងចក្រជាច្រើនដូចជា អាប៊ូលចំនួន២គ្រឿង, អេស្កា ចំនួន៣គ្រឿង, ឡានដឹកដីធុនធំ ចំនួន៨គ្រឿង យកមកឈូសឆាយវិវាទ និងដឹកដីចាក់លើចំការ កិនលុបដើមស្វាយ ចំនួន២០០ដើម និងឈួសបង្គោលរបង ចំនួន៥០បង្គោល ព្រមទាំងគំរាមកំហែងមកលើអ្នកចាំដីចំការរបស់ ឈ្មោះ រស់ សុវណ្ណវាសនា ដែលជាប្រជាពលរដ្ឋរងគ្រោះ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើន។
បន្ទាប់មកក៏មានការប្តឹងផ្តល់គ្នានៅតុលាការខេត្តព្រះសីហនុ ២លើក ហើយទើបប្តឹងឡើងដល់សាលាឧទ្ធរណ៍ ឈានដល់ចេញដីកាសម្រេចរក្សាការពារ ដីរបស់ប្រជាពលរដ្ឋ ឈ្មោះ រស់ សុវណ្ណវាសនា មិនឲ្យក្រុមហ៊ុនចិន ឈូសឆាយទៀតឡើង។
សូមជម្រាបថា ក្នុងដីកាសាលាឧទ្ធរណ៍ ដែលសម្រេចនេះបានបន្ថែមថា ជាគោលការណ៍ក្នុងការសម្រេចរក្សាការពារ គឺត្រូវការពារនូវផលប្រយោជន៍របស់គូភាគី និងត្រូវរក្សានូវស្ថានភាពដើម នៃវត្ថុទំនាស់ឲ្យនៅដដែល ដូច្នេះដើម្បីការពារផលប្រយោជន៍របស់គូភាគីផង និងដើម្បីរក្សានូវស្ថានភាពដើម មុនពេលមានទំនាស់ឲ្យនៅដដែល និងដើម្បីមានភាពងាយស្រួលក្នុងការអនុវត្តសាលក្រម ឬសាលដីកាស្ថាពរនេះ គប្បីហាមឃាត់មិនឲ្យធ្វើការឈួសឆាយដី ដឹកដីចាស់ សាងសង់សំណង់ ផ្ទេរ លក់ ជួល បញ្ចាំ ដាក់ធានា ឬធ្វើអំណោយដល់អ្នកដទៃនូវដីទំនាស់នេះ ជាបណ្ដោះអាសន្នសិន៕