(ភ្នំពេញ)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្តីរបស់ ទណ្ឌិត សមរង្ស៊ី ដែលនៅតែគគ្លើន ញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធ បង្វែកាណុងមក រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ បានប្រកាសទៅទណ្ឌិតរត់ចោលស្រុករូបនេះថា «កងទ័ពបានត្រៀមរួចជាស្រេច ហើយដើម្បីកម្ទេចក្រុមបដិវត្តន៍ពណ៌ ដែលចង់ឲ្យសង្គមជាតិកម្ពុជា វិលទៅរកសង្គ្រាមសាជាថ្មីឡើងវិញ»។
សូមជម្រាបថា ទណ្ឌិត សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងមានសំណុំរឿងស្អេកស្កះ នៅតុលាការកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញវីដេអូឃ្លីបមួយ អំពាវនាវជាថ្មីឲ្យកម្លាំងប្រដាប់អាវុធបះបោរប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់។
កងពលតូចលេខ៧០ បានប្រកាសថា «យើងខ្ញុំសូមចាត់ទុកសម្តីញុះញង់បែបនេះ ជាសម្តីក្បត់ជាតិទាំងស្រុង មិនអាចលើកលែងបាន និងត្រូវតែថ្កោលទោសឲ្យធ្ងន់បន្ថែមទៀត និងសូមផ្តាំទៅទណ្ឌិត សម រង្ស៊ី ថា កុំដេកស្រម៉ៃចង់បំបែកបំបាក់ទឹកចិត្ត ស្មារតីរបស់កងទ័ពឲ្យក្បត់នឹងសម្តេចតេជោឲ្យសោះ ពិសេសកងទ័ព និងប្រជាជន ពីព្រោះកងទ័ព គឺជាអ្នកបម្រើប្រជាជន បម្រើរាជរដ្ឋាភិបាលស្របច្បាប់ បម្រើសម្តេចតេជោ ហ៊ុន សែន»។
មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ សូមបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការរក្សាការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកំពុងអភិវឌ្ឍន៍ប្រទេស ឲ្យមានសុខសន្តិភាពពេញលេញនេះ និងប្រឆាំងដាច់ខាតមិនឲ្យមានការធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នោះឡើយ និងក៏សូមគាំទ្រសម្តេចដឹកនាំប្រទេស បន្តទៅថ្ងៃមុខជារៀងរហូត៕