(ភ្នំពេញ)៖ សម្ដេចក្រឡាហោម​ ស​ ខេ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំដែងការកោតសសើរជាខ្លាំង ទៅលើក្រុមហ៊ុន Khcn Investment & Development Co., Ltd របស់ចិន ដែលបានវិនិយោគទឹកប្រាក់ជាច្រើន ដើម្បីសាងសង់ខុនដូ ដែលមានផ្ទៃក្រឡាជាង១សែន ម៉ែត្រក្រឡានៅខេត្តជាប់មាត់សមុទ្រ របស់កម្ពុជា។

ការថ្លែងកោតសសើររបស់សម្ដេចក្រឡាហោម ស ខេង​ នេះធ្វើឡើងនាឱកាសដែលសម្ដេចអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីបើកសម្ពោធលក់​ជាផ្លូវការ របស់អាគារខុនដូ The Seagate Suite នាយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។

អាគារខុនដូ The Seagate Suite ជាអាគារខ្ពស់បំផុត នៅក្នុងក្រុងព្រះសីហនុ ដែលត្រូវបានរចនាអគារឡើងដោយការផ្ចិតផ្ចង់ និងមានភាពល្អឥត​ខ្ចោះ ដែលមានកម្ពស់រហូតទៅដល់១៤៦ម៉ែត្រ ស្មើរនឹង៤៣ជាន់ នៃផ្ទៃសំណង់សរុបជាងមួយសែនម៉ែត្រក្រឡា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងឲ្យដឹងថា «ថ្ងៃនេះខ្ញុំសូមថ្លែងនូវការកោតសសើរជាខ្លាំង អប់អបសារទរចំពោះសមាគមនមិត្តភាពកម្ពុជា-ចិន ដែល មានគំនិតផ្ដួចផ្ដើម សហការគ្នារវាងដៃគូពាក់ព័ន្ធនានាទាំងឯកជន និងរដ្ឋ ដើម្បីសាងសងអាគារខុនដូនេះឡើង ដែលមានផ្ទៃក្រឡាជាង១សែនម៉ែត្រសើ្មនឹង១០ហិចតា។ នេះក៏ជាជម្រើសថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់អ្នកដែលរស់ នៅកម្ពុជាស្របច្បាប់»

សម្ដេចបានថ្លែងបញ្ជាក់ទៀតថា «ខ្ញុំពិតជាសប្បាយរីករាយ ចំពោះសមិទ្ធផលថ្មីនេះ ពិតមែនហើយនេះជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមួយ ឬច្រើនដែល​បានសហការរួមគ្នា...តែនេះជាសមិទ្ធិផលថ្មីដែល បានបង្កើតឡើងនៅប្រទេសកម្ពុជា បង្កើតឡើងក្នុងទីក្រុងព្រះសីហនុ ទោះ​បីជាយ៉ាងណាសមិទ្ធផលទាំងនេះជារបស់កម្ពុជា។ ខ្ញុំក៏សូមលើកទឹកចិត្ត ដើម្បីឲ្យអាជ្ញាធរគ្រប់ទីកន្លែងគោរព និងបំរើតាមតួនាទីរបស់ខ្លួន ដើម្បី​បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនានា ក្នុងការបំពេញលិខិតស្នាមក្នុងការរស់នៅស្របច្បាប់ នៅក្នុងខុនដូ នេះដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ»

លោក អ៊ុក សុចិត្រ ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងជាតំណាងម្ចាស់ខុនដូ The Sea Gate Suite នៃក្រុមហ៊ុន Khcn Investment & Development Co., LTD បានថ្លែងឲ្យដឹងថា ឆ្លងតាមចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជា ចំណងមិត្តភាពកម្ពុជា-ចិន តាមរយៈការវិនិយោគ គឺកំពុងមានសន្ទុះ​គួរឲ្យកត់សំគាល់ តួយ៉ាងការអភិវឌ្ឍន៍វិស័យលំនៅដ្ឋាននៅកម្ពុជាជាដើម។ ក្នុងនោះដែរគេឃើញថា ខេត្តព្រះសីហនុជាតំបន់អេកូរទេសចរណ៍ដ៏ មាន​សក្ដានុពលមួយដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ឲ្យមកកំសាន្ដជាហូរហែរ ស្រប់ពេលដែលរាជរដ្ឋាភិបាលលកម្ពុជា បានបង្កើតឲ្យ​មានគម្រោងអភិវឌ្ឍន ហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។

សូមបញ្ជាក់ថាអគារខុនដូថ្មីនេះ មានកម្ពស់៤៣ជាន់ ខុនដូដល់ស្រស់ស្អាតនេះបានបំពាក់នូវឧបករណ៍ទំនើបៗដូចជា៖ មានអាងហែលទឹកដល់ធំប្រវែង​​​៧០ម៉ែត្រ រីឯនៅលើលំហជាន់ទី៨វិញ មានក្លឹបហាត់ប្រាណ ភោគជនីយដ្ឋាន ផ្សារទំនើប សណ្ឋាគារផ្កាយ៥  កន្លែងកំសាន្ដ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងសម្រាប់ចត់ឧទ្ធម្ភាចក្រ នៅលើដំបូលអាគារថែមទៀតផង៕