(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការពង្រឹងសមត្ថភាពមន្ត្រីរាជការ គឺជា គន្លឹះដ៏ចាំបាច់ និងសំខាន់បំផុតសម្រាប់អនុវត្តន៍ការធ្វើកំណែទម្រង់ថវិកាសាធារណៈឲ្យទទួលបានជោគជ័យ។ លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចបាននឹងកំពុងបើកការបណ្តុះបណ្តាលយ៉ាងច្រើនជូនដល់មន្រ្តីរាជការមកពីក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពលើការគ្រប់គ្រងថវិកាសាធារណៈ។
លោក ហ៊ាន សាហ៊ីប បានថ្លែងដូច្នេះក្នុងពេលអញ្ជើញបើកវគ្គសិក្ខាសាលាស្ដីពី «នីតិវិធីអនុវត្តថវិកាកម្មវិធី, ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ប្រកាសដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាពត៌មាន» ជូនមន្ត្រីនគរបាលជាតិ ៣៨៧នាក់ មកពីអង្គភាពជំនាញថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋាន ផ្នែកសន្តិសុខសាធារណៈនៃក្រសួងមហាផ្ទៃ។ ពិធីបើកវគ្គសិក្ខាសាលានេះ ប្រព្រឹត្តទៅព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅសណ្ឋាគារភ្នំពេញ។
សិក្ខាសាលានេះ រៀបចំក្រោមកិច្ចសហការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ មានរយៈពេល ៣ថ្ងៃ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីនគរបាលជាតិអំពីនីតិវិធីអនុវត្តថវិកាកម្មវិធី និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខណ្ឌការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ សំដៅផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
លោកបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាពលើជំនាញការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនដល់គ្រប់ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព ការទទួលខុសត្រូវ ប្រសិទ្ធភាព ផលិតភាពការងារ និងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីរាជការ សម្រាប់អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ឲ្យសម្រេចបានជោគជ័យ ។
លោក ហ៊ាន សាហ៊ីប ក៏បានរំលឹកដែរថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ដំណាក់កាលទី៣ និង ត្រូវអនុវត្តចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០ សំដៅផ្លាស់ប្តូរជាបណ្តើរៗពីប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើលទ្ធផលនិងវិមជ្ឈការ ក្នុងគោលដៅបង្កើននូវការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ តាមរយៈនេះថវិកា គឺជាឧបករណ៍គោលនយោបាយដ៏សំខាន់ ដើម្បីធានាការវិភាជថវិកាឲ្យចំគោលដៅ និងមានប្រសិទ្ធភាព។ ការរៀបចំថវិកាចាំបាច់ត្រូវការផ្សារភ្ជាប់ទៅនឹងគោលនយោបាយអាទិភាពរបស់ក្រសួង-ស្ថាប័ននីមួយៗ ដើម្បីឈានទៅសម្រេចបានគោលដៅនៃកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងមូល។
លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានបញ្ជាក់ផងដែរថា ផែ្អកតាមបទពិសោធន៍អនុវត្តក្នុងឆ្នាំ២០១៥-២០១៦ និង តាមបទពិសោធន៍អន្តរជាតិ បានប្រាប់ឲ្យដឹងថា ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកានេះ គ្រប់ក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធក្រោមឱវាទត្រូវបង្កើនការយកចិត្តទុកដាក់ជាប្រចាំលើការពង្រឹងពង្រីកសមត្ថភាពធនធានមនុស្ស ដើម្បីធានាបាននូវភាពជោគជ័យនៅតាមក្រសួង-ស្ថាប័នរៀងៗខ្លួនផង និងរួមចំណែកសម្រេចបានជោគជ័យ នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូលផង។ ក្នុងស្មារតីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់ ទិសដៅច្បាស់លាស់ និង បានលើកទឹកចិត្តខ្ពស់ដល់ការកសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ពិសេសលើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីចូលរួមចំណែកអនុវត្តការងារ និង ភារកិច្ចរបស់ខ្លួនឲ្យកាន់់តែមានប្រសិទ្ធភាពថែមទៀត។
ថ្លែងក្នុងឱកាសនោះលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា នីតិវិធីអនុវត្តន៍ថវិកាកម្មវិធី និងអង្គភាពថវិកា និង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មហាផ្ទៃ ក៏ដូចជាសម្រាប់ក្រសួង-ស្ថាប័ននីមួយៗ។ រាជរដ្ឋាភិបាលជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិរដ្ឋ ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ ហើយការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ គឺស្ថិតនៅក្រោមការកាន់កាប់របស់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង ឃុំ-សង្កាត់ និងនីតិបុគ្គលសាធារណៈ។
ក្នុងន័យនេះការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្ត្រី នគរបាលជាតិលើកិច្ចការនេះនឹងធ្វើឲ្យក្រសួងមហាផ្ទៃមានធនធានមនុស្សប្រកបដោយសមត្ថភាព ព្រោះថាមន្ត្រីនគរបាលជាតិ គឺជាអ្នកកាន់កាប់ និងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌរបស់ក្រសួង ដែលត្រូវធានាឲ្យខាងតែបានលើការងារចាំបាច់ និងចំពោះមុខដើម្បីរួមចំណែកដោះស្រាយលើគ្រប់បញ្ហាប្រឈម។ ទន្ទឹមនេះការបណ្តុះបណ្តាលអំពីនីតិវិធីអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិតជានឹងជួយជំរុញឱ្យល្បឿន នៃការអនុវត្តថវិកាកម្មវិធីពេញលេញសម្រេចបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
តាមរយៈសិក្ខាសាលាខាងលើនេះ លោករដ្ឋលេខាធិការជឿជាកថា វគ្គសិក្ខាសាលានេះ ពិតជានឹងជួយឲ្យការអនុវត្តតួនាទីភារកិច្ចរបស់គ្រប់អង្គភាព ផ្នែកសន្តិសុខសាធារណៈនៃក្រសួងមហាផ្ទៃអាចឈានទៅសម្រេចបានលទ្ធផលផ្លែផ្កា តាមការគ្រោងទុក និងឆ្លើយតបបានទាន់ ពេលវេលាទៅនឹងតាមតម្រូវការរបស់អង្គភាពរៀងៗខ្លួន ក្នុងគោលដៅធានាប្រសិទ្ធភាព សង្គតិភាព និង ផលិតភាព នៃការប្រើប្រាស់ថវិកាជាតិ ស្របតាមគោលបំណងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។
លោក ព្រុំ សុខា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរៀបចំវគ្គសិក្ខាសាលានៅពេលនេះ និងបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ ខិតខំយកចិត្តទុកដាក់ចូលរួម និងស្ដាប់គ្រប់បទឧទ្ទេសរបស់គ្រូបង្គោល និងវាគ្មិនទាំងអស់ ព្រមទាំងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក ឲ្យបានសកម្មផុលផុស ដើម្បីស្វែងយល់ និងចាប់យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឲ្យបានល្អប្រសើរ នៅពេលត្រឡប់ទៅកាន់អង្គភាពការងាររៀងៗខ្លួនវិញ៕