(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានលើកយកសំណុំរឿង កូនប្រុសនាយហុងដា និងសង្សារដែលរួមគ្នាសម្លាប់ម្តាយចុង ប្លន់យកទ្រព្យសម្បត្តិ មកបើកសវនាការជំនុំជម្រះជាអសាធារណៈ។
សវនាការនោះដឹកនាំដោយលោក ឌុច សុខសារិន ជាប្រធានក្រុមប្រឹក្សា និងលោក ស្រី ម៉ាក់នី ជាតំណាងអយ្យការ។ ជាមួយគ្នានេះក៏មានវត្តមានលោក ហុងដា និងអ្នកនាង ខ្មឹប ជាឪពុក-ម្តាយ របស់ជនជាប់ចោទ ចូលរួមក្នុងសវនាការផងដែរ។ ក្រោយការសួរដេញដោល តុលាការបានលើកពេលប្រកាសសាលក្រមរឿងក្តីនេះ ទៅរសៀលថ្ងៃទី២៥ ខែធ្នូ ខាងមុខវិញ។
ជនជាប់ចោទឈ្មោះ ខា សុខេន ហៅនិច ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់លោកហុងដា និងឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ ជាប់ចោទពីបទ «ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ»។ ពួកគេទាំង២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋាន អាវុធហត្ថខណ្ឌដង្កោ និងខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចឈ្មោះ ខា សុខេន បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពសម្លាប់ម្តាយចុងឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ពិតបា្រកដមែន គឺធ្វើសកម្មភាព តែម្នាក់ឯង កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ខុនដូ របស់ឪពុកបង្កើតគេ (នាយហុងដា) តែក្រោយពេលសម្លាប់រួច សង្សាររបស់ខ្លួន មកពីធ្វើការវិញទាន់ ខ្លួនក៏បានអង្វរសង្សារកុំឲ្យឆោឡោ និងជួយយកភួយមករុំសាកសព អូសទៅទុកនៅបន្ទប់ទឹក ព្រមទាំងដោះយកកងដៃ២១កង ជញ្ជៀន១វង់ ទូរស័ព្ទណូគា១គ្រឿង និងម៉ូតូ១គ្រឿង ចាកចេញ តែម្តង ដែលរឿងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស ពិសេសបណ្តាញសង្គមហ្វេសប៊ុក។
ឈ្មោះ សុ ខេន បានរៀបរាប់ថា រូបគេបានមករស់នៅខុនដូជាមួយឪពុក និងម្តាយចុង ប្រហែល៤ ទៅ៥ខែមកហើយ ព្រោះម្តាយបង្កើតឈ្មោះ រ៉េន សុធារី ហៅឃ្មឹប ដែលត្រូវជាប្រពន្ធមុន របស់នាយហុងដា មានប្តីថ្មី។ ក្នុងពេលមករស់នៅជាមួយឪពុក ឈ្មោះ សុ ខេន បាននាំសង្សារឈ្មោះ នេត រស្មីកន្និកា មកនៅជាមួយ ហើយខ្លួនមិនសូវចូលចិត្ត ម្តាយចុងទេ ដោយសារនៅពេល ដែលឪពុកខ្លួន មិននៅផ្ទះ ម្តាយចុងតែងតែជេរ និងស្តីបន្ទោសឲ្យខ្លួនជាញឹកញាប់ ធ្វើឲ្យខ្លួនមានគំនុំមករហូត។
ក្រោយពេលសម្លាប់ ម្តាយចុងរួចហើយ ឈ្មោះ សុ ខេន បានទៅសម្រាកនៅផ្ទះ ម្តាយសង្សារ១យប់ នៅខណ្ឌឬស្សីកែវ លុះព្រឹកឡើង ទើបនាំសង្សាមកដេក ស្នាក់នៅជក់ថ្នាំញៀន នៅចំនុចផ្ទះគ្មានលេខ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រីឯគ្រឿងអលង្ការ ដែលរូបគេប្លន់បានយកទៅបញ្ចាំបាន៤ម៉ឺនរៀល ព្រោះអ្នកបញ្ចាំប្រាប់ថា កាឡៃ ហើយម៉ូតូបញ្ចាំ បាន១០០ដុល្លារ រួចយកលុយទាំងនោះទិញថ្នាំញៀនជក់៕