(ភ្នំពេញ)៖ លោកស្រី ឡូរ៉ង់ អូវែ ប្រធាននាយកដ្ឋានវប្បធម៌ សិក្សា ស្រាវជ្រាវ និងបណ្តាញ នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង បានថ្លែងថា ប្រទេសបារាំង បានយកចិត្តទុកដាក់ខ្លាំងក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា លើវិស័យអប់រំ វិទ្យាសាស្រ្ត សាកលវិទ្យាល័យ ការស្រាវជ្រាវ សុខាភិបាល វប្បធម៌ និងបេតិកភណ្ឌ។
ការប្រកាសរបស់លោកស្រី ឡូរ៉ង់ អូវែ ធ្វើឡើងក្នុងអំឡុងពេលបំពេញទស្សនៈកិច្ច នៅប្រទេសកម្ពុជាពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីចូលរួមក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) និងពិធីអបអរខួប២៥ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទអង្គរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
សូមជម្រាបថា ក្នុងដំណើរទស្សកិច្ចនេះ លោកស្រីបានអញ្ជើញទៅទស្សនាការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលទទួលបានការឧបត្ថម្ភ ពីប្រទេសបារាំង ក្នុងភាពជាដៃគូជាមួយអាជ្ញាធរជាតិអប្សរា ហើយការដ្ឋានខាងលើក៏ជាកន្លែងបណ្តុះបណ្តាលមន្ត្រីជំនាញកម្ពុជា ពាក់ព័ន្ធការអភិរក្ស និងការជួសជុលប្រាសាទផងដែរ។
បន្ថែមពីនេះ លោកស្រី ឡូរ៉ង់ អូវែ បានចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងបានជួបសម្តែងការគួរសម ជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រៅពីនេះ ប្រធាននាយកដ្ឋានវប្បធម៌ សិក្សា ស្រាវជ្រាវ និងបណ្តាញ នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង បានអញ្ជើញទៅទស្សនាសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ដែលបានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសបារាំងអស់រយៈពេល២៥ឆ្នាំមកហើយ តាមរយៈគម្រោងជាច្រើន។
ជាងនេះទៅទៀត លោកស្រីប្រធាននាយកដ្ឋានរូបនេះ បានជួបជាមួយតំណាងស្ថាប័នសាកលវិទ្យាល័យ និងវិទ្យាសាស្រ្តនានា រួមទាំងអតីតនិស្សិត ដែលបានសិក្សាថ្នាក់ភាសាបារាំង នៅតាមសាកលវិទ្យាល័យ ឬធ្លាប់បានបន្តការសិក្សាថ្នាក់ឧត្តមនៅ បារាំង ដោយលោកស្រីក៏បានជួបផងដែរ ជាមួយដៃគូនៃកិច្ចសហប្រតិបត្តិការវប្បធម៌ ជាមួយប្រទេសបារាំង៕