(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំទៅមន្ត្រីគ្រប់ការិយាល័យជំនាញទាំងអស់ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមកទទួលសេវាកម្មច្រកចេញចូលតែមួយ ដោយខ្លួនឯង ចៀសវាងការពឹងពាក់តាមរយៈអ្នករត់ការ។
លោកអភិបាលខណ្ឌបន្តថា ដើម្បីឲ្យការបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព គឺរដ្ឋបាលខណ្ឌច្បារអំពៅ និងអាជ្ញាធរមូលដ្ឋានត្រូវនៅកៀកកិត ជាមួយគាត់ដោយបន្តធ្វើឲ្យបានទូលំទូលាយ និងប្រសិទ្ធភាពការងារធ្វើឲ្យបានស៊ីជម្រៅ ដែលពលរដ្ឋចង់បាន ដើម្បីបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឲ្យប្រជាជនទទួលបាន ទំនុកចិត្ត និងការទទួលបាននូវសុខ សុវត្ថិភាពក្នុងការរស់នៅ។
ការលើកឡើងរបស់លោក ចេង មុនីរ៉ា នេះ ធ្វើនៅថ្ងៃច័ន្ទ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងពិធីផ្សព្វផ្សាយការផ្តល់សេវាសាធារណៈ របស់ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌច្បារអំពៅ។
លោក ចេង មុនីរ៉ា បានបន្តឲ្យដឹងទៀតថា កន្លងមកការធ្វើឯកសារផ្សេងៗជូនបងប្អូនពលរដ្ឋ គឺមានការយឺតយ៉ាវ និងមានភាពមិនប្រក្រតីផ្សេងៗ លើការឯកសារជូនបងប្អូន។ ប៉ុន្តែគិតចាប់ពីពេលនេះតទៅ រាល់ការបម្រើសេវាសាធារណះផ្សេងៗ (ការធ្វើឯកសារ) តាមរយៈការិយាល័យច្រកចេញចូលតែមួយ គឺពុំត្រូវឲ្យមានការយឺតយ៉ាវទៀតឡើយ ពោលរដ្ឋបាលខណ្ឌច្បារអំពៅ នឹងកំណត់តែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ក្នុងការធ្វើឯកសារជាស្រេចជូនបងប្អូន។ ក្នុងនោះដែរ ប្រសិនបើជាឯកសារងាយៗ ដូចជា សំបុត្រកំណើត និងសៀវភៅស្នាក់នៅជាដើម គឺត្រូវធ្វើជូនបងប្អូនក្នុងរយៈពេលមិនដល់កន្លះម៉ោងឡើយ ប៉ុន្តែក្នុងលក្ខខណ្ឌដែលបងប្អូនរវល់មិនអាចរង់ចាំបាន បងប្អូនអាចទុកលេខទូរស័ព្ទនៅមន្ត្រីច្រកដែលទទួលធ្វើសេវាឯកសារជូនបងប្អូនបាន ប្រសិនបើឯកសារនោះធ្វើរួចរាល់នៅពេលណាមួយ អ្នកបម្រើសេវា នឹងទំនាក់ទំនងទៅទៅកាន់ទូរស័ព្ទផ្ទាល់របស់បងប្អូន ឲ្យមកទទួលយកឯកសារដែលបានធ្វើរួច។
លោកអភិបាលបន្ថែមថា ការពន្លឿនការធ្វើឯកសារផ្សេងៗ ជូនបងប្អូនពលរដ្ឋ តាមរយៈការិយាល័យច្រកចេញចូលតែមួយនេះ គឺធ្វើឡើងស្របតាមការអន្តរក្រសួង លេខ១៤៣៤២ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រវាងក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច និងហរិញ្ញវត្ថុ ស្តីពីការផ្តល់សេវារដ្ឋបាលផ្សេងៗ នៅរដ្ឋបាលក្រោមជាតិ។ ហើយការធ្វើឯកសារជូនបងប្អូន គឺធ្វើឡើងដើម្បីសម្រួលធានាបាន ភាពឆាប់រហ័ស ប្រសិទ្ធិភាព តម្លាភាព និងភាពច្បាស់លាស់ ងាយស្រួលបងប្អូនឆាប់ទទួលបានឯកសារពាក់ព័ន្ធរបស់បងប្អូន យកទៅប្រើប្រាស់ ក្នុងកិច្ចការងារផ្សេងៗបាន។
ទន្ទឹមនឹងនោះ រាល់ការធ្វើឯកសារទាំងឡាយ គឹពុំតម្រូវឲ្យមានការបង់ថវិកាមកកាន់អ្នកធ្វើឯកសារ ឬការិយាល័យច្រកឡើយ លើកលែងតែឯកសារណាដែលមានចែងក្នុងច្បាប់ ដែលតម្រូវឲ្យបង់ប្រាក់ តាមសេចក្តីប្រកាសអន្តរក្រសួងប៉ុណ្ណោះ ដូចជា ធ្វើឯកសារផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យជាដើម។
លោកអភិបាលខណ្ឌ ថា «កុំពឹងផ្អែកអ្នករត់ការឲ្យសោះ នេះជាគោលដៅរបស់យើង, បងប្អូនណាមានបញ្ហាសូមមកទាក់ទងដោយផ្ទាល់ ដែលនៅទីនេះ មានកំណត់តម្លៃយ៉ាងច្បាស់។ ច្រកចេញចូលតែមួយនេះ គឺធ្វើយ៉ាងណាឲ្យសេវាកាន់តែខិតជិតប្រជាពលរដ្ឋ»។
ជាមួយគ្នានេះ អភិបាលខណ្ឌច្បារអំពៅ ក៏បានស្នើឲ្យប្រធានច្រកចេញចូលតែមួយ នៃរដ្ឋខណ្ឌច្បារអំពៅ និងមន្ត្រីច្រកចេញចូលតែមួយ នៅទីប្រជុំជន ពិសេសតាមផ្សារនានា ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីសេវាកម្មច្រកចេញចូលតែមួយនេះ។
លោក ចេង មុនីរ៉ា បញ្ជាក់ថា បើមានមន្ត្រីណាមួយ ឬបើសិនមានការអនុវត្តន៍ការងាររបស់មន្ត្រីណាមួយ ដែលមានភាពឆ្គាំឆ្គង មានការិយាល័យប្រជាពលរដ្ឋ ចាំទទួលពាក្យបណ្តឹង ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ហើយក្នុងករណីការិយាល័យ ប្រជាពលរដ្ឋដោះស្រាយមិនបានទេ បញ្ជូនមកគណៈអភិបាលដើម្បីសម្របសម្រួលតម្រង់ទិស និងដោះស្រាយជាបន្តទៀត ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីអោយមានតុល្យភាព។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ រួមទាំងមន្ត្រីច្រក មន្ត្រីសង្កាត់ បានចុះពន្យល់ដល់បងប្អូន ប្រជាពលរដ្ឋអំពីសេវាជាច្រើន ដែលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ជាប្រចាំ។ ដោយមន្ត្រីចុះបង្ហាញ និងពន្យល់តាមលំនៅឋាន តាមកន្លែងប្រជុំជន ក្នុងន័យបញ្រ្ចាបព័ត៌អំពីព័ត៌មាននេះ ជូនបងប្អូនប្រជាពលរដ្ឋ ដោយស្នើសុំឲ្យប្រជាពលរដ្ឋ អញ្ជើញទៅទទួលយកការផ្តល់សេវាដោយផ្ទាល់ សូមមេត្តាកុំពឹងពាក់លើអ្នករត់ការជាដាច់ខាត៕