(ភ្នំពេញ)៖ យុវជនត្រូវសិក្សា និងចងចាំអំពីប្រវត្តិសាស្ត្ររបស់ខ្លួនព្រោះប្រវត្តិសាស្ត្រ ក៏ជាអត្តសញ្ញាណរបស់ជាតិមួយផងដែរ កាន់តែមានសារៈសំខាន់ថែមទៀត ពេលដែលយុវជនបាន យល់ដឹងអំពីប្រវត្តិសាស្ត្រដ៏សោកសៅរបស់ប្រទេសកម្ពុជាកាលពីអតីតកាល និងចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យវិលត្រឡប់ និងកើតឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។
លោក នេត្រ ភក្ត្រា បានបន្តថា ទោះបីជាយុវជនជាង៦៥% នៃប្រជាជនកម្ពុជាកើតមិនទាន់របបខ្មែរក្រហម ប៉ុន្តែយុវជនទាំងនោះ គឺជាសាក្សីរស់នៃដំណើរការ នាំយកអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត មកជំនុំជម្រះក្តី ដើម្បីស្វែងរកយុត្តិធម៌ និងការពិតជូនជនរងគ្រោះ ក្នុងរបបខ្មែរក្រហមក៏ដូចមនុស្សជាតិទាំងមូល។
មន្ត្រីនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា «យុវជនត្រូវសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់លាស់ ជាពិសេសរឿងរ៉ាវដែលកើតឡើង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីចៀសវាងការប្រព្រឹត្តកំហុសច្រំដែលជាន់ដានប្រវត្តិសាស្ត្រ នាំឲ្យមានការស្លាប់បាត់បងជីវិតប្រជាជន ហើយខឿនសេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លិចបំផ្លាញដូចពីអតីតកាល»។
លោកបន្តថា ការចងចាំអំពីប្រវត្តិសាស្ត្រកម្ពុជាក៏ជាផ្នែកមួយដែលជួយឲ្យយុវជន បានយល់ដឹងកាន់តែស៊ីជម្រៅ បន្ថែមពីលើរឿងរ៉ាវដែលឪពុកម្តាយ និងជីដូនជីតារបស់ខ្លួន ដែលហែលឆ្លងកាត់និយាយប្រាប់ និងអាចផ្ទេរការចងចាំនេះ ទៅមនុស្សរាប់ជំនាន់ទៅមុខទៀត។ លោក នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តដល់ជនរងគ្រោះ នៃរបបខ្មែរក្រហមជួយនិយាយបន្ត និងផ្សព្វផ្សាយពីរឿងរ៉ាវ ដែលគាត់បានជួបប្រទះនៅក្នុងរបបខ្មែរក្រហម ជូនដល់ក្មេងៗជំនាន់ក្រោយដើម្បីការចងចាំ ទោះបីជាការរំលឹករឿងរ៉ាវនេះធ្វើ ឲ្យពលរដ្ឋមួយចំនួនមានការឈឺចាប់ ពេលរំលឹកពីការឈឺចុកចាប់ រងទុក្ខវេទនារបស់ខ្លួន ព្រោះដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញ នូវសោកនាដកម្មដូចរបបខ្មែរក្រហមនេះ មកលើទឹកដីកម្ពុជាជាថ្មីទៀត។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្ម នៅក្នុងរបបខ្មែរក្រហម គឺជាដំណើរនៃការផ្សះផ្សាជាតិ និងចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ការយល់ដឹងរបស់យុវជនលើរឿងរ៉ាវសោកនាដកម្ម ដែលកើតឡើងក្នុងរបបខ្មែរក្រហមជាការចាំបាច់បំផុត។ ជាក់ស្ដែង ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម គឺក្នុងគោលបំណងដើម្បីស្វែងរកអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្ម ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ដែលបានស្លាប់បាត់ បង់ជីវិត និងអ្នកដែលកំពុងរស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងចូលរួមស្វែងរកការពិត ជូនមនុស្សជាតិទាំងមូលថា តើមានអ្វីកើតឡើងពិតប្រាកដក្នុងរបបនេះ បានជាធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចន្លោះពី ១,៧លាន ទៅ២,២លាននាក់ ស្លាប់បាត់បង់ជីវិត។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ មានសាធារណៈជនជិតកន្លះលាននាក់ហើយ ដែលបានធ្វើទស្សនកិច្ចសិក្សា និងចូលរួមស្តាប់ដំណើរការ សវនាការដោយផ្ទាល់នៅសាលាក្តីខ្មែរក្រហម។ នេះគឺជាការចូលរួមគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ របស់សាធារណៈជនចំពោះដំណើរការតុលាការ ព្រោះតុលាការនេះមានវត្តមាននៅលើទឹកដី នៃប្រទេសដែលកើតឡើងនូវឧក្រិដ្ឋកម្ម និងពាក់ព័ន្ធដោយផ្ទាល់ដល់ជនរងគ្រោះ នៃរបបខ្មែរក្រហមរាប់លាននាក់៕