(ស្វាយរៀង)៖ មណ្ឌលសុខភាពសម្រាប់ព្យាបាលជនរងគ្រោះ ដោយសារគ្រាប់បែកគីមីរបស់អាមេរិក នៅឃុំគគីរ ស្រុករមាសហែក ត្រូវបានបញ្ចុះបឋមសីលាសាងសង់ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច។

នៅក្នុងពិធីនេះមានការចូលរួមពី នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការគីមីសាស្ត្រ, នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី តាំ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករផងដែរ។

បើតាមលោកវេជ្ជបណ្ឌិត កែរ រ​ដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា អាគាមណ្ឌលសុខភាពនេះ មានប្រវែងបណ្តោយ១២.៣ម៉ែត្រ ទទឹង៩.៥ម៉ែត្រ ដែលជាការកសាងឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល ​សូមសម្តែងនូវការកោតសសើរចំពោះអស់លោក លោកស្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋបាលខេត្តស្វាយរៀង រដ្ឋបាលស្រុករមាសហែក ដែលបានខិតខំរួមគ្នាជាមួយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ជាពិសេស​ក្រុមការងារប្រតិបត្តិការបោសសំអាត គ្រាប់បែកគីមី អាជ្ញាធរអាវុធគីមីបានរកឃើញ និងវាយតម្លៃយកគ្រាប់បែកគីមីចំនួនមួយគ្រាប់ក្នុងបរិវេណវត្តគគី ហើយបានជួយសម្រួលក្នុងការជម្លៀសពលរដ្ឋពីកន្លែងបោ​សសំអាតគ្រាប់បែកគីមី មកកាន់ទីកន្លែងមានសុវត្ថិភាព និងបានពិនិត្យ ព្យាបាលហើយសិក្សាស្រាវជ្រាវ និងវាយតម្លៃផលប៉ះពាល់សុខភាពដល់ប្រជាព​លរដ្ឋ។

ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាព ជូនបងប្អូន និងបានចុះសិក្សាស្រាវជ្រាវជាបន្តបន្ទាប់ បានរកឃើញអ្នកជំងឺរងផលប៉ះពាល់ ដោយសារធាតុគីមីនៅក្នុងឃុំគគីនេះ រោគសញ្ញាទាំងនោះមាន៖ រោ​គសញ្ញាមិនធម្មតាក្បាលធំ ស្វិតដៃ ស្វិតជើង ថប់ដង្ហើម អាឡាក់ស៊ីស្បែក និងរមាសជាដើម។ល។

ដោយពិនិត្យឃើញភាពចាំបាច់ពាក់ព័ន្ធ​សុខ​ភាពប្រជាពលរដ្ឋ នៅឃុំគគីនេះ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំមកក្រសួងសុខាភិបាល ឲ្យគិតគូជាបន្ទាន់កសាងមណ្ឌលសុខភាពគគីនេះ ដើម្បីថែរក្សាសុខភាព និងពិនិត្យព្យាបាលជំងឺ ដែលកើតចេញពីផ​ល​​
ប៉ះពាល់គ្រាប់បែកគីមីរបស់អាមេរិកនេះជូនបងប្អូនប្រជាពលរដ្ឋ។

តាមរបាយការណ៍ស៊ីម៉ាក់ បានរកឃើញទីតាំងគ្រាប់បែកគីមីដែលទម្លាក់ ដោយអាមេរិកបានកើនឡើងដល់២២ទីតាំង នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង និងចំការគ្រាប់បែកចង្កោមមួយចំនួនទៀត៕