(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានព្រមានទៅទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស កុំឱ្យព្យាយាមស្រមើលស្រមៃម្តងហើយម្តងទៀតថា នឹងអាចញុះញង់ទឹកចិត្តកងទ័ពខ្មែរបានឱ្យសោះ។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងមានសំណុំរឿងស្អេកស្កះ នៅតុលាការកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញវីដេអូឃ្លីបមួយ អំពាវនាវជាថ្មី កុំឱ្យកងទ័ពស្តាប់បញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន ទោះបីជាការអំពាវនាវបែបនេះ បានធ្វើឱ្យកងទ័ពកម្ពុជាគ្រប់មជ្ឈដ្ឋាន ប្រតិកម្ម ខឹងសម្បារ ហើយចេញញត្តិថ្កោលទោសជាបន្តបន្ទាប់ កន្លងមកក៏ដោយ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមប្រាប់ទណ្ឌិត សម រង្សី ឲ្យច្បាស់ថា មិនបាច់ខិតខំព្យាយាមញុះញង់កងទ័ពឲ្យងាកចេញពីការគាំទ្ររាជរដ្ឋាភិបាល ហេីយទៅជាប្រឆាំងនឹង រាជរដ្ឋាភិបាលឲ្យសោះ អត់ផ្លូវទេ។ ការញុះញង់កងទ័ពឲ្យប្រឆាំងនឹងរាជរដ្ឋាភិបាល មិនទទួលបានលទ្ធផលអ្វីទេ។ ផ្ទុយទៅវិញ នាំឲ្យកងទ័ពកាន់តែបង្កេីនបានការចងកំហឹងកាន់តែខ្លាំងក្លាថែមទៀត មកលេីពួកអគតិដែលតែងតែមានបំណងអាក្រក់ចំពោះជាតិ និងប្រជាជន ។ កុំចង់បំបែកបំបាក់កងទ័ពជាមួយរាជរដ្ឋាភិបាល កងទ័ពបាននិងកំពុងរកមុខប្រយ័ត្ន»។
លោក សុខ ឥសាន បានបន្តទៀតថា «ការព្យាយាមញុះញង់នេះ អាស្រ័យដោយ សម រង្សី មិនដឹងខ្យល់អ្វីទាំងអស់ មិនដឹងថាកងកម្លាំងប្រដាប់អាវុធ ជាពិសេសកងទ័ព គឺជាឧបករណ៍របស់ប្រជាជន មានតួនាទីនិងភារកិច្ចការពាររាជរដ្ឋាភិបាលរបស់ប្រជាជន ការពារសន្តិភាព និងសេចក្តីសុខរបស់ប្រជាជន។ គ្មានពេលណាដែលកងទ័ពងាករេចេញពីរាជរដ្ឋាភិបាលនិងប្រជាជនឡេីយ»។
កន្លងទៅ ក្រោយមានការអំពាវនាវបែបនេះរបស់ លោក សម រង្ស៊ី កងយោធពលខេមរភូមិន្ទ បានចេញញត្តិថ្កោលទោស ហើយព្រមានមិនអត់ឱនឱ្យទណ្ឌិតរូបនេះទេ។ កងយោធពលខេមរភូមិន្ទ បានធ្វើសន្និសីទប្រតិកម្មនេះ ហើយសម្រេចដាក់ពាក្យបណ្តឹងប្តឹង លោក សម រង្ស៊ី កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ដោយចោទប្រកាន់ទណ្ឌិត សម រង្ស៊ី ពីបទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថ៕