(ភ្នំពេញ)៖ អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកអេង ឆៃអ៊ាង បានអះអាងថា ថ្នាក់ដឹកនាំអតីតគណបក្ស សង្រ្គោះជាតិ នឹងមិនបង្កើត គណបក្សថ្មីនោះទេ ទោះបីជាថ្នាក់ដឹកនាំគណបក្សកាន់អំណាចបានបើកផ្លូវឲ្យក្រុម អតីតបក្សនេះបង្កើតបក្សចូលរួម ប្រកួតប្រជែងបោះឆ្នោត យ៉ាងណាក្តី។
ការប្រកាសជំហររបស់អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះ បានធ្វើឡើងនៅលើទំព័រ Facebook របស់លោក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ ពោលគឺ១ថ្ងៃ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឲ្យក្រុម គណបក្សប្រឆាំងបង្កើត បក្សថ្មីចូលរួមប្រកួតប្រជែង ការបោះឆ្នោត កុំរំពឹងគណបក្សនយោបាយដែលរំលាយចោលនោះ ព្រោះគ្មានថ្ងៃរស់ឡើងវិញនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ យ៉ាងដូច្នេះថា៖ «ដោយសារមានការខ្សឹបខ្សៀវ និងការប្រឌិតព័ត៌មានមិនពិតដដែលជាដដែលអំពីការរស់ឡើងវិញនៃអតីតបក្សសង្រោះជាតិ គឺខ្ញុំសូមផ្តាំផ្ញើ និងបញ្ជាក់សាជាថ្មីថា អតីតបក្សដែលត្រូវបានរំលាយហើយ ដោយសាលដីការតុលាកំពូល គឺចប់ជាស្ថាពរហើយ។ ឈ្មោះអតីតបក្សនេះ គឺនឹងគ្មានកើតឡើងសាជាថ្មីទៀតឡើយ។ ខ្ញុំសូមឲ្យយោបល់ខ្លះៗដែលអាចមានប្រយោជន៍ ហើយកុំឲ្យខាតពេលច្រើន គឺមានតែវិធីមួយគត់ គឺបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរជាងដើរនិយាយឃោសនាមិនពិត ហើយខាតបង់ពេលវេលាកាន់តែច្រើន»។
សូមបញ្ជាក់ថា អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា អតីតគណបក្សនេះ មានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានកាត់ទោសមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិចំនួន១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕