(ហុងឌូរ៉ាស)៖ តុលាការកំពូល នៃប្រទេសហុងឌូរ៉ាស (TSE) បានប្រកាសជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧ (ពេលវេលានៅអាមេរិកកណ្តាល) ដោយទទួលស្គាល់លោក Juan Orlando Hernandez ប្រធានាធិបតី នៃប្រទេសតំបន់អាមេរិកកណ្តាលមួយនេះ ឲ្យឡើងកាន់តំណែងបន្ត នាអាណត្តិទីពីរទៀត បន្ទាប់ពីលទ្ធផលក្រោយការបោះឆ្នោត បង្ហាញចេញជាផ្លូវការថា លោកឈ្នះ និងត្រឹមត្រូវតាមច្បាប់បោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។
លោក Hernandez គឺបេក្ខជនប្រធានាធិបតី នៃបក្សកាន់អំណាច គឺគណបក្សជាតិ (NP) បានទទួលសំឡេងគាំទ្រ ៤២.៩៥ភាគរយ ទល់នឹងគូប្រជែងរបស់លោក គឺលោក Nasralla ដែលទទួលបានតែ ៤១.៤២ភាគរយ ជាសំឡេងយ៉ាងប្រកៀកប្រកិតគ្នាបំផុត។ នេះបើតាមការបញ្ជាក់ដោយ លោក David Matamoros ប្រធានតុលាការកំពូលហុងឌូរ៉ាស (TSE)។
គួរបញ្ជាក់ថា ប្រទេសហុងឌូរ៉ាស គឺជាប្រជាជាតិប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ស្ថិតនៅតំបន់អាមេរិកភាគកណ្តាល ដែលមានប្រជាជនជាង ៩លាននាក់ និងផ្ទៃ ១១២,៤៩២គីឡូម៉ែត្រក្រឡា។ ប្រទេសនេះមានព្រំប្រទល់ខាងលិខជាប់ប្រទេស ហ្គោតេម៉ាឡា និងអ៊ែលសាលវ៉ាឌ័រ, ខាងជើងជាប់ឈូងសមុទ្រម៉ិចស៊ីកូ ហើយសម្រាប់ភាគខាងត្បូង និងខាងកើតជាប់ប្រទេសនីការ៉ាហ្គ័រ និងសមុទ្រប៉ាស៊ីហ្វិក៕
https://s4.reutersmedia.net/resources/r/?m=02&d=20161109&t=2&i=1161044748&r=LYNXMPECA829U&w=1280