(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ នឹងរៀបចំវេទិកាតុមូលដើម្បីពិភាក្សាលើបញ្ហាស្តីពី «តួនាទីរបស់មហាអំណាចក្នុងកិច្ចការតំបន់ និងពិភពលោក»។ ការរៀបចំវេទិកាធ្វើឡើងចំពេល ដែលកម្ពុជាកំពុងមានបញ្ហារកាំរកូសលើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលជាមហាអំណាចរបស់ពិភពលោក។
វាគ្មិនល្បីៗឈ្មោះជាច្រើននឹងត្រូវបង្ហាញវត្តមាននៅក្នុងវេទិកានេះ មានដូចជា៖ លោក ស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោក ស៊ុ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក ឌៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិដ៏ល្បីមួយរូប និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីតួនាទីរបស់ប្រទេសដែលជាមហាអំណាចលើកិច្ចការមួយចំនួនក្នុងការគ្រប់គ្រងលើបញ្ហានៅក្នុងតំបន់ និងពិភពលោក។ វាគ្មិនទាំងអស់នឹងលាតត្រដាងថា តើប្រទេសមហាអំណាចអាចធ្វើអ្វីបានខ្លះសម្រាប់កិច្ចការនៅក្នុងតំបន់ និងលើពិភពលោក ក៏ដូចជាបកស្រាយនូវល្បិចកិច្ចកលមួយចំនួនរបស់ប្រទេសមហាអំណាច ដើម្បីពង្រីកឥទ្ធិពលរបស់ពួកគេផងដែរ។
អង្គភាពព័ត៌មាន Fresh News នឹងផ្សាយផ្ទាល់នូវកម្មវិធីនេះ ដែលនឹងធ្វើឡើងនៅវេលាម៉ោង ៨៖៣០នាទី៕