(កំពង់ធំ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំបានឲ្យដឹងថា នៅម៉ោង៦៖៤៨នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីគ្រោះអគ្គិភ័យមួយ បានកើតឡើងនៅភូមិត្រពាំងជ្រៃ ឃុំបលង្គ័ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយបានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋចំនួន៥ខ្នង ក្នុងនោះ៣ខ្នងខូចខាតទាំងស្រុង និង២ខ្នងទៀតខូចខាតជញ្ជាំងមួយចំហៀង។
បើតាមសេចក្តីរាយការណ៍គ្រោះអគ្គិភ័យនេះកម្លាំងនគរបាលបានប្រើប្រាស់រថយន្តទឹកចំនួន៣គ្រឿង ប្រើប្រាស់ទឹកសរុបចំនួន៦ស៊ីតែន ទើបធ្វើឲ្យអគ្គិភ័យរលត់ទាំងស្រុងនៅម៉ោងប្រមាណ៩យប់នេះ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់ការសន្និដ្ឋានជំហ៊ានដំបូងថា គ្រោះអគ្គិភ័យនេះអាចបង្កឡើងដោយការធ្វេសប្រហែស ដុតធូបទៀនក្នុងថ្ងៃសីល និងមួយទៀតអាចមកពីទុស្សេចរន្តអគ្គិសនី៕