(ភ្នំពេញ)៖ ក្រុមចោរឆក់ និងលួចរថយន្ដ ដែលបានធ្វើសកម្មភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ពេលនេះត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបានជាបន្ដបន្ទាប់ ក្រោយធ្វើសកម្មភាពទាំងបានសម្រេច និងមិនបានសម្រេច។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក ប៊ុត សត្យា បានប្រាប់ Fresh News ឲ្យដឹងថា ​នៅយប់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០១៧ ​កម្លាំងការិយាល័យជំនាញរបស់លោក បានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង បានជនសង្ស័យចំនួន​០២​នាក់ នៅចំណុច​មុខមន្ទីរពេទ្យខេម៉ា ផ្លូវលេខ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលឆក់ទូរសព្ទ័ដៃមិនបានសម្រេច នៅចំណុចមុខហាងលក់សំលៀកបំពាក់យីហោអ៊ីម៉ូ ផ្លូវលេខ១៨២ ក្រុម៤៦ ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១៖ឈ្មោះ ស៊ន ពន្លឺ ​អាយុ​១៨​ឆ្នាំ ស្នាក់នៅភូមិស្នោ សង្កាត់រកាធំ ក្រុងច្បារមន និងទី២៖ឈ្មោះ ឌី រ៉ូហ្សា ​អាយុ​១៧​ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៩ ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងបានវត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាព ម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ

បើតាមលោកនាយការិយាល័យ ចំពោះករណី​​លួចយករថយន្តវិញ បានឃាត់ខ្លួន​ជនសង្ស័យម្នាក់ នៅចំណុចកន្លែងផ្ញើរថយន្តលើដំបូលផ្សារអូរឬស្សី សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា ដែលបានប្រព្រឹត្តបទល្មើស អំពើលួចយករថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌ប្រផេះ សេរីឆ្នាំ​១៩៩៧ ពាក់ស្លាកលេខភ្នំពេញ2G-8473 នៅចំណុចខាងមុខផ្ទះមិនចាំលេខក្នុងបូរីញូថោន ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យដែលបានឃាត់ខ្លួន​ ឈ្មោះ ចាន់ រ៉ា ​អាយុ​២៧​ឆ្នាំ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដកហូតបានរថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌ប្រផេះ សេរីឆ្នាំ​១៩៩៧ ដែលជារបស់ជនរងគ្រោះ ឈ្មោះ ចាន់ លីដេត ​អាយុ​៣៨​ឆ្នាំ ព្រមទាំងសម្ភារៈមួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវីធី៕