(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើតាមវោហាសាស្រ្ដរបស់លោក W. Patrick Muphy ឧបការីរងរដ្ឋមន្រ្ដីការបរទេសអាមេរិក ក្នុងដំណើរបំពេញបេសកកម្មថ្មីៗនៅកម្ពុជាស្ដីពីទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា ដែលលោកបានបែងចែកប្រជាជនកម្ពុជាថា «កម្ពុជាមានមនុស្សពីរប្រភេទគឺ ជំនាន់ចាស់ និងជំនាន់ថ្មីហើយអាមេរិកចង់បានទំនាក់ទំនងល្អកម្ពុជានឹងមនុស្សជំនាន់ថ្មី» ក្នុងពេលនេះ គឺពិតជាបានបង្ហាញអំពីបំណងជ្រៅរបស់អាមរិកយ៉ាងពិតប្រាកដ។
បានសេចក្ដីថា ចំពោះបំណងជ្រៅរបស់អាមេរិកនោះ ប្រហែលជាចង់យកកុលបុត្រខ្មែរជំនាន់ថ្មីខ្លះ ធ្វើជាតុក្កតាដូចឆ្នាំ១៩៧០ម្ដងទៀត ដូចយើងឃើញរលកបដិវត្ដបច្ចុប្បន្ននេះជាភស្ដុតាង។
លោក រត្ន័ សណ្ដាប់ បន្ដថា ក្នុងន័យនេះ បើនិយាយអំពីបរិបថប្រវត្ដិសាស្រ្ដកាលពីឆ្នាំ១៩៧០នោះ យើងឃើញថា មនុស្សជំនាន់ចាស់ ដែលលោក W.Patrick Muphy កំពុងប្រមាថនេះ គឺម្នាក់ៗសុទ្ធតែបានហែលឆ្លងជីវិតដ៏សោកសៅបំផុត ដោយការទម្លាក់គ្រាប់បែកអាមេរិកយ៉ាងព្រៃផ្សៃនេះឯង ដោយបង្កឲ្យមានការឆេះផ្ទះសម្បែង បាត់បង់ជីវិត នឹងពិការដល់ជនរួមជាតិខ្មែរស្លូតត្រង់យើងរាប់សែននាក់ ស្ទើរទូទំាងប្រទេស ពិសេសបងប្អូនខ្មែរយើងនៅតាមបណ្ដាលខេត្ដរតនគីរី, មណ្ឌលគីរី, ក្រចេះ, កំពង់ចាម, ព្រែវែង, ស្វាយរៀងជាដើម។
ដោយហេតុថា បើយើងរំឭកថយក្រោយបន្ដិច មុនរដ្ឋប្រហារឆ្នាំ១៩៧០ ប្រទេសយើងស្ថិតក្រោមការដឹកនំាដោយអង្គសម្ដេចឪព្រះបរមរតនកោដ្ឋប្រជាពលរដ្ឋខ្មែរយើងម្នាក់ៗ រស់យ៉ាងសុខសប្បាយ ដោយមិនដែលឮពាក្យថា ដាច់ពោះ ឬរត់លូនគេចគ្រាប់បែកនោះទេ។ បើដូចនេះចំពោះពាក្យថា «ជំនាន់ថ្មី» ដែលអាមេរិកចង់បានពេលនេះ លោក រត្ន័ សណ្ដាប់ មើលឃើញថា កុលបុត្រខ្មែរ នឹងមិនធ្វើជាតុក្កតាដើម្បីបម្រើនយោបាយអាមេរិកដូចកាលពីអតីតកាលម្ដងទៀតទ្បើយ។ ម្យ៉ាងទៀត បើឈរលើមូលដ្ឋាន នេះទៀតសោត អាមេរិកគួរតែហ៊ានទទួលយកការពិត ហើយឈប់បង្កវិនាសកម្មដល់មនុស្សជំនាន់ថ្មីនេះឲ្យដូចមនុស្សជំនាន់ចាស់ទៀត ទើបជាការប្រពៃ។
លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថា បើនិយាយអាមេរិកចង់សំដៅដល់មនុស្សជំនាន់ចាស់សព្វថ្ងៃនេះ ក៏គួរអាមេរិកវិញទេ! ដែលត្រូវអរគុណ! មនុស្សជំនាន់ចាស់ ថាពិតជាល្អប្រពៃថ្លៃថ្លាណាស់ ក្នុងការរក្សាស្ពានទំនាក់រវាងអាមេរិក និងកម្ពុជា ក៏ដូចប្រទេសនានាបច្ចុប្បន្ននេះ។ ជាក់ស្ដែង សូម្បីជប៉ុន ចាញ់សង្រ្គាមស្រុកខ្មែរ កាលពីឆ្នាំ១៩៤៥ ក៏មនុស្សជំនាន់ចាស់ពុំបានប្ដឹងទាមទារសំណងអ្វីពីជប៉ុននោះទេ បើទោះបីជាទទួលរងនូវការឈឺចាប់បីយ៉ាងក៏ដោយ គឺខ្មែរសុខចិត្ដអត់ធ្មត់ដើម្បី កុំឲ្យមានការគុំគូនគ្នា ព្រោះចង់មានទំនាក់ទំនងល្អនិងជប៉ុន។ រីឯអាមេរិកក៏ដូច្នោះដែរ ក៏ខ្មែរពុំបានប្ដឹងដែរ ព្រោះតែចង់មានទំនាក់ទំនងល្អនិងអាមេរិកនេះឯង។
ដោយសារតែមរតកនេះហើយ ទើបយើងឃើញថា សព្វថ្ងៃកុលបុត្រខ្មែរជំនាន់ថ្មី ហាក់ពុំសូវចាប់អារម្មណ៍នូវរឿងរ៉ាវប្រវត្ដិសាស្រ្ដដ៏ឈឺចាប់អស់ទំាងនេះ។ ត្រង់ចំណុចនេះ អាមេរិកត្រូវយល់។
ជាសរុប លោក រត្ន័ សណ្ដាប់ យល់ថាចំពោះប្រទេសកម្ពុជា ប្រសិនបើអាមេរិកនៅបន្ដលូកដៃចូលកិច្ចការផ្ទៃឥតឈប់ឥតឈរនោះ ចំណុចនេះ គឺច្បាស់ណាស់! ពុំមែនមកពីកម្ពុជាខ្វះលទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សនោះទេ កត្ដានេះ អាចមកពីភូមិសាស្រ្ដនយោបាយតែប៉ុណ្ណោះ។ បានន័យថាឆ្នាំ១៩៧០ សង្រ្គាមរវាងប្លុកសេរី និងកុំម្មុយនីស្ដ។ បច្ចុប្បន្ន សង្រ្គាមសេដ្ឋកិច្ច ដើម្បីក្លាយជាមហាអំណាចទីមួយលើលោក។ ក្នុងនោះ មូលហេតុចម្បងគឺការបែងចែកប៉ូលភូមិសាស្រ្ដ នយោបាយសេដ្ឋកិច្ចពិភពលោកធំៗ ពីរជាអាទិ៍៖
ទីមួយ៖ អាមេរិក បូកសហគមអឺរ៉ុប គឺអាមេរិកជាប្រទេសមហាអំណាចទីមួយលើលោកហៅថា ស.វទី២០ ជាសករាជរបស់អាមេរិក។
ទីពីរ៖ ចិន បូកអាស៊ាន គឺចិនកំពុងធ្វើដំណើរជាប្រទេសមហាអំណាចទីមួយលើលោកហៅថា ស.វ.ទី២១នេះជាសករាជរបស់ចិន៕