(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដង្កោ ក្រោមការណែនាំផ្ទាល់ពីលោក នុត ពុធដារ៉ា អភិបាលខណ្ឌ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្តចុះសំណេះសំណាល សួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីនៅតាមផ្ទះជួល ក្នុងសង្កាត់ដង្កោ សង្កាត់ពងទឹក សង្កាត់ប្រទះឡាង និងសង្កាត់ជើងឯក ដើម្បីផ្សព្វផ្សាយបន្ថែម អំពីអត្ថប្រយោជន៍ជាច្រើន ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់ជូនដល់បងប្អូនកម្មករនារយៈពេលកន្លងមក និងនៅឆ្នាំ២០១៨ខាងមុខ ដើម្បីឲ្យកាន់តែយល់ជ្រួតជ្រាបបន្ថែមទៀត។
ក្នុងឱកាសនោះ ក្រុមការងារបានផ្សព្វផ្សាយអត្ថប្រយោជន៍ជាច្រើន ដែលជាគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនដល់កម្មករ រួមមាន៖ ប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ ក្នុងមួយខែ (ប្រាក់ខែគោល) និងបូករួមប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ការបញ្ចុះតម្លៃអគ្គិសនី បញ្ចុះតម្លៃទឹកស្អាត។ ការផ្តល់ការគាំពារសន្តិសុខសង្គម ដល់កម្មករ ចាប់ពីខែមករា ឆ្នាំ២០១៨ គឺម្ចាស់ក្រុមហ៊ុនទាំងអស់ ត្រូវបង់ថ្លៃរបបសន្តិសុខសង្គម១០០ភាគរយ ដល់កម្មករ កម្មការិនី ដែលបងប្អូនកម្មករ អាចនៅសល់ប្រាក់ប្រមាណ៨,០០០រៀល ទៅ១២,០០០រៀល។
ជាមួយគ្នានេះ កម្មករ កម្មការិនីទាំងអស់ ទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌។ ចំពោះស្ត្រីមានផ្ទៃពោះ សម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងារ រយៈពេល០៣ខែ និងទទួលបានប្រាក់ខែ១២០ភាគរយ លើសពីនេះ កម្មការិនី នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល នៅពេលសម្រាលកូនដោយ អ្នកសម្រាលកូន០១ ទទួលបាន៤០ម៉ឺនរៀល អ្នកសម្រាលកូនភ្លោះ០២ បានទទួល៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ០៣ ទទួលបាន១លាន ២០ម៉ឺនរៀល។
កម្មករកម្មការិនី ទទួលបានសេវាជិះរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ (Free) រយៈពេល០២ឆ្នាំ (ពីខែសីហា ឆ្នាំ២០១៧-ខែសីហា ឆ្នាំ២០១៩) ហើយនៅឆ្នាំ២០១៩ កម្មករទាំងអស់ នឹងទទួលបានប្រាក់សោធនិវត្តន៍ (ប្រាក់រ៉ឺត្រែត) ដែលនឹងទទួលបានចំនួន៨០ភាគរយនៃប្រាក់ខែ ដែលខ្លួនធ្លាប់ទទួលបាននៅពេលធ្វើការចុងក្រោយ។
ក្នុងឱកាសនោះ បងប្អូនកម្មករកម្មការិនីទាំងអស់ បានភាពរីករាយ និងអបអរសាទរចំពោះអត្ថប្រយោជន៍ ដែលសម្តេចតេជោ បានផ្តល់ជូនដល់ពួកគាត់កន្លងមក និងបន្ថែមថ្មីៗខាងមុខទៀត ព្រមទាំងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរ និងយកចិត្តទុកដាក់ដល់បញ្ហា និងការលំបាកនានារបស់ពួកគាត់ ព្រមទាំងដោះស្រាយជូនបានទាន់ពេលវេលា ធ្វើឲ្យពួកគាត់កាន់តែមានជីវភាពកាន់តែល្អប្រសើរឡើង ក្រោមម្លប់សន្តិភាពនៅទូទាំងប្រទេស ដោយមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕