(ភ្នំពេញ)៖ អំពើឃាតកម្មមួយបានកើតឡើងទៅលើស្ដ្រីម្នាក់ ដែលជាកម្មការិនីបម្រើការនៅរោងចក្រ QMI ក្នុងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចបន្ទប់ជួលលេខ៤២ ជាន់ទី៣ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
មន្ដ្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា សពស្ដ្រីរងគ្រោះ ឈ្មោះ ព្រីម បូផា អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតភូមិ ព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
តាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ ជា សោភា បានឲ្យដឹងថា ពីរនាក់ប្ដីប្រពន្ធមានកូនពីរនាក់ មិនស្គាល់អត្តសញ្ញាណស្នាក់នៅបន្ទប់ជួលលេខ៤២ ជាន់ទី៣ ប្រហែលពីសប្ដាហ៍មកហើយ ហើយពីរនាក់ប្ដីប្រពន្ធនេះមានការឈ្លោះប្រកែកគ្នារហូត ដោយឡែកថ្ងៃកើតហេតុខាងលើអ្នកជួលនោះ មិនទាន់បានឲ្យលុយថ្លៃបន្ទប់ ខ្លួនបានឡើងមកមើលឃើញបន្ទប់នោះចាក់សោសូលិចពីខាងក្រៅ ហើយមានធំក្លិនស្អុយ ទើបខ្លួនបានហៅឪពុកបង្កើត មកជួយកាត់មេសោរ ក្រោយពីកាត់សោរួចទើបដឹងថា មានមនុស្សដេកស្លាប់នៅក្នុងបន្ទប់ជួល
បើតាមមន្ដ្រីនគរបាល សពជាស្រ្តីមានសភាពហើមស្អុយ មានរយះត្រចៀកខាងឆ្វេងមុខខ្មៅ ហើមរលួយ ស្លៀកខោអាវពណ៌ត្រួយចេកមួយឈុត មានខ្នើយគ្របមុខ សណ្ដូកជើងក្បាលទៅជញ្ជាំងសណ្ដប់ភួយ។ សន្និដ្ឋានតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានឲ្យដឹងថាសពស្លាប់ ដោយសារអំពើឃាតកម្ម។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងទាក់ទងទៅក្រុមគ្រួសារ ដើម្បីសពទៅធ្វើបុណ្យតាមប្រពៃណី៕