(ព្រៃវែង)៖ ​កូនម្ចាស់ដេប៉ូប៊ីវី ឈ្មោះ វី ចាន់ណា រស់នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ ចេញមុខសូមទោសជាសាធារណៈចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា និងលោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង ព្រមទាំងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នូវកំហុសខុសឆ្គងដែលរូបគេ បានយកឈ្មោះរបស់ថ្នាក់ដឹកនាំមកប្រើប្រាស់ដោយកាងដេប៉ូលក់ឈើ ធ្វើឲ្យប៉ះពាល់កិត្តិយសយ៉ាងខ្លាំង។

ការចេញមុខសុំទោសជាសាធារណៈនេះ ត្រូវបានធ្វើឡើង លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧​ បានចេញមុខបដិសេធ និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពដ៏ស្មោកគ្រោក របស់ម្ចាស់ដេប៉ូឈើមួយកន្លែង ឈ្មោះ ប៊ី វី ហៅវិបុល ដែលបានយកឈ្មោះ សម្តេចតេជោ ហ៊ុន សែន និង រូបលោកទៅប្រើប្រាស់ ក្នុងគោលបំណងគំរាមកំហែង ប្រមាថ ទៅលើអ្នកសារព័ត៌មាន និងកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។

ការចេញមកសុំទោសជាសាធារណៈរបស់ កូនម្ចាស់ដេប៉ូប៊ីវី ឈ្មោះ វី ចាន់ណា អាចចាត់ទុកថាជាការទទួលខុសត្រូវមួយ ព្រោះថាខ្លួនបានយកឈ្មោះថ្នាក់ដឹកនាំប្រទេស ទៅប្រើប្រាស់ក្នុងចេតនាមិនល្អ និងនាំឲ្យខូចកិត្តិយសថ្នាក់ដឹកនាំផងដែរ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែធ្នូនេះ លោក ស សុខា បានជំរុញឲ្យម្ចាស់ដេប៉ូឈើ ឈ្មោះ ប៊ី វី ហៅវិបុល ដែលមានទីតាំងនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ចូលខ្លួនមកបំភ្លឺ បកស្រាយ​ចំពោះមុខស្ថាប័នមានសមត្ថកិច្ចជាបន្ទាប់។

សូមជម្រាបថា ថ្មីៗនេះ ម្ចាស់ដេប៉ូឈ្មោះ ប៊ី វី ហៅវិបុល និងកូនប្រុស បានប៉ះពារជាមួយអ្នកសារព័ត៌មាន រហូតដល់ប្រើប្រាស់ឈ្មោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង លោក ស សុខា យកទៅប្រើប្រាស់ដើម្បីជាខ្នងបង្អែក គំរាមកំហែង ប្រមាថ ទៅលើអ្នកសារព័ត៌មាន និងកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច​៕