(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាសមាជិករដ្ឋសភាមួយរូបដែរនោះ បានផ្តាំទៅអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលទើបបាត់បង់តំណែងព្រោះតែបក្សត្រូវរំលាយព្រោះរឿងក្បត់ជាតិនោះ ឲ្យចូលទៅប្រកាសទ្រព្យសម្បត្តិឲ្យបានគ្រប់គ្នាប្រយ័ត្នប្រឈមនឹងការជាប់ពន្ធនាគារ។ (សូមទស្សនាវិដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
ក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីនៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា តំណាងរាស្រ្តទាំងអស់ពេលចូលកាន់តំណែងត្រូវប្រកាសទ្រព្យសម្បត្តិ ហើយពេលបញ្ចប់តំណែងក៏ត្រូវប្រកាសទ្រព្យសម្បត្តិផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ប្រយ័ត្នជាប់គុកវើយផ្តាំឲ្យហើយ។ មុនអ្នកឯងចូលកាន់តំណែង គឺអ្នកឯងត្រូវប្រកាសទ្រព្យសម្បត្តិថាមានប៉ុន្មាន ដល់ពេលចាកចេញពីតំណែងត្រូវប្រកាសឡើងវិញ។ បើលុយហ្នឹងវាលើស តើបានមកពីណាលុយហ្នឹង។ មិនទាន់ចប់កាតព្វកិច្ចទេ ប្រយ័ត្នជាប់»។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានបញ្ជាក់ថា ច្បាប់បានចែងថា តំណាងរាស្រ្ត ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ជំទប់ ដែលត្រូវបានបញ្ចប់ការងាររបស់ខ្លួន ត្រូវតែប្រកាសទ្រព្យសម្បត្តិជាលើកចុងក្រោយ ក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីពេលដែលគណបក្សរបស់ខ្លួន ត្រូវកាត់រំលាយ ជាស្ថាពរដោយតុលាការកំពូល ហើយក្រសួងមហាផ្ទៃ ជាអ្នកមានសមត្ថកិច្ចលើនីតិវិធីនេះ។
លោកទេសរដ្ឋមន្ត្រីបន្តថា ប្រសិនបើអតីតតំណាងរាស្ត្រ ក្រុមប្រឹក្សា រាជធានី-ខេត្ត ស្រុក-ខណ្ឌ ឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ណាមិនព្រមចូលខ្លួនប្រកាសទ្រព្យសម្បត្តិ នឹងប្រឈមការជាប់ពន្ធនាគាររយៈពេល១ខែ តាមច្បាប់ប្រឆាំងអំពើពុករលួយ។
យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ មានអតីតតំណាងរាស្រ្ត និងអតីតសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិ ២៩៣រូបប៉ុណ្ណោះ ដែលបានចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្រោយពេលគណបក្សរបស់ពួកគេត្រូវបានរំលាយ។
សេចក្តីជូនដំណឹងបានឲ្យដឹងថា ក្នុងចំណោមអ្នកដែលចូលប្រកាសទ្រព្យសម្បត្តិ ២៩៣រូបនោះរួមមាន តំណាងរាស្រ្ត ៣៣រូប សមាជិក គ.ជ.ប ៣រូប និង សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ចំនួន ២៥៧រូប។
អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានអំពាវនាវដល់ អតីតថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្រ្គោះជាតិ ដែលជាប់កាតព្វកិច្ចទាំងអស់ រួសរាន់ទៅបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំពុលរបស់ខ្លួន ក្នុងរយៈពេល ៣០ថ្ងៃ៕