(ភ្នំពេញ)៖ បន្ទាប់មានផ្សារធំៗជាច្រើន បានបង្ហាញវត្តមាននៅកម្ពុជាហើយនោះ នៅថ្ងៃនេះ ផ្សារទំនើបដ៏ធំថ្មីមួយទៀតហើយឈ្មោះ «ម៉ាក្រូ» ក៏បានបង្ហាញវត្តមានរបស់ខ្លួននៅកម្ពុជាផងដែរ ក្រោមទុនវិនិយោគ៦៨លានដុល្លារអាមេរិក និងផ្ទៃក្រឡាតាំងលក់ទំនិញរហូតដល់១០,០០០ម៉ែត្រក្រឡា។
ផ្សារទំនើបម៉ាក្រូ ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំ និងលក់រាយធំបំផុត មានមូលដ្ឋានមកពីប្រទេសថៃ បានបើកសម្ពោធសាខាដំបូងរបស់ខ្លួន នៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ដែលមានទីតាំងតាមមហាវិថីឧកញ៉ា ម៉ុងឫទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកស្រី ស៊ុឆាដា អ៊ីធីចារូគូល (Ms.Suchada Ithijarukul) អគ្គនាយក្រុមហ៊ុន ស៊ីយ៉ាម ម៉ាក្រូ ចំកាត់មហាជន បានបញ្ជាក់ថា ក្នុងការបើកសម្ពោធសាខាដំបូងនេះ ផ្សារម៉ាក្រូ នឹងមានរៀបចំព្រឹត្តការណ៍ដ៏អស្ចារ្យ ជាមួយនឹងកម្មវិធីបញ្ចុះតម្លៃពិសេស ចាប់ពី១០%-៣០% ព្រមទាំងរង្វាន់ផ្សេងទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន និងអាជីវករទាំងអស់ ដែលគិតជាទឹកប្រាក់សរុបស្មើនឹងជាង៣៥,០០០ដុល្លារ។ ផ្សារទំនើបនេះ ក៏មានលក់ទំនិញក្នុងតម្លៃទាបសមរម្យ សរុបជាង ១០,០០០ប្រភេទ។
លោកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP Group ដែលជាដៃគូក្នុងការបង្កើតផ្សារដ៏ធំនេះ បានលើកឡើងថា ការដែលក្រុមហ៊ុន LYP Group បោះទុនវិនិយោគនាំផ្សារម៉ាក្រូ មកកម្ពុជា គឺដោយសារក្រុមហ៊ុនរបស់លោក ចង់ជួយលើកមុខមាត់ប្រទេសជាតិ ឲ្យដូចប្រទេសជិតខាង និងប្រទេសក្នុងតំបន់ដែរ។
ជាមួយគ្នានេះ លោក សុខ ចិន្តាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) បានដាក់សំណើសុំវិនិយោគមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដែលមានន័យថា គិតចាប់ពីថ្ងៃដាក់ពាក្យរហូតដល់ពេលនេះ គឺមានរយៈពេលមិនទាន់គ្រប់មួយឆ្នាំផង សំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ាក្រូ ខេមបូឌា ដ៏ធំស្កឹមស្កៃក៏បានលេចចេញរូបរាង ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់វិស្វករ បុគ្គលិក និងកម្មករ-កម្មការិនីទាំងអស់។
លោក សុខ ចិន្ដាសោភា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ដោយបានមកធ្វើការបណ្តាក់ទុននៅកម្ពុជា នៅក្នុងកាលៈទេសៈមួយដែលកម្ពុជាកំពុងត្រូវការ និងជំរុញលើកទឹកចិត្តយ៉ាងសកម្មខ្លាំងក្លាដល់សកម្មភាពវិនិយោគ ហើយការចាប់ផ្តើមប្រតិបត្តិការរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ាក្រូនាពេលនេះ បានផ្តល់នូវគុណប្រយោជន៍ជាច្រើន សម្រាប់ប្រទេសកម្ពុជា ដែលមានដូចជាការផ្តល់ឱកាសជូនប្រជាកសិករខ្មែរ ក្នុងការផ្គត់ផ្គង់នូវផលិតផលកសិកម្ម ដូចជាបន្លែ ត្រី សាច់គ្រាប់ធញ្ញជាតិ និងផ្លែឈើស្រស់ៗជាច្រើនមុខ ដល់មជ្ឈមណ្ឌល។
សូមបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនកាលពីខែឧសភា ឆ្នាំ២០១៧ ដែលបានបោះទុនវិនិយោគ ចំនួន៦៨លានដុល្លារ ហើយបច្ចុប្បន្នបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួន ២៧២កន្លែង៕