(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ បានចំនួន០៤នាក់ជាបន្ដបន្ទាប់ និងកំពុងស្រាវជ្រាវតាមបង្ក្រាបបន្ដទៀត ដោយមុខសញ្ញាខ្លះទើបចេញពីពន្ធនាគារ។
លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្ក្រាបជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីបានទទួលពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែនយុតិ្ដធម៌ និងប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រូបនេះ បានរៀបរាប់ថា នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្បែរផ្សារអូឫស្សី កម្លាំងជំនាញរបស់លោកល្បាតមកដល់ចំណុចក្បែផ្សារអូឫស្សី បានប្រទះឃើញជនសង្ស័យចំនួន៥នាក់ ជិះម៉តូ៣គ្រឿង បានធ្វើសកម្មភាពឆក់ ទៅលើអ្នកដំណើរមិនបានសម្រេច។ ពេលនោះកម្លាំងលោក បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដេញចាប់ជនល្មើស២នាក់ នៅចំណុចក្បែរវត្តទួលទំពូង ដោយជនសង្ស័យឈ្មោះ ម៉ន រតនា អាយុ១៧ឆ្នាំ និងឈ្មោះ លៀម ដួងពេជ្រ អាយុ២៥ឆ្នាំ។
លោកវរសេនីយ៍ឯក ជាវ វិបុល បានបន្ថែមថា នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ នៅចំណុចផ្សារដើមគរ ខណ្ឌទួលគោក មានករណីឆក់ទូរសព្ទ័មួយកើតទ្បើង នៅចំណុចម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក បង្កដោយជនសង្ស័យចំនួន០៤នាក់ ប្រើប្រាស់ម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះមិនស្គាល់ឈ្មោះបានសម្រេច។
ក្រោយពីកើតហេតុភ្លាម កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយការិយាល័យអនុវត្តដីកា បានដេញប្រផាប់ប្រភីងរហូតដល់ចំណុចមុខចេនទ្បា ផ្សារដើមគរ ទើបកម្លាំងចាប់បង្រ្កាបបានចំនួន០២នាក់ ចំណែក០២នាក់ទៀតគេចខ្លួន ដោយជនសង្ស័យទាំង០២នាក់ ឈ្មោះ ប្រុក គឹមសេង អាយុ១៨ឆ្នាំ និងឈ្មោះ សុធា យុត្ថវិ អាយុ១៨ឆ្នាំ និងដកហូតម៉ូតូ០១គ្រឿង ម៉ាកC125 ពណ៌ខ្មៅស៊េរី២០១៨ គ្មានស្លាកលេខ, ទូរសព្ទ័មួយគ្រឿង របស់ទូរសព្ទ័ជនរងគ្រោះ។
ក្រោយឃាត់ខ្លួន បានជនសង្ស័យទាំងនោះ សម្ភារៈរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ដោយឡែកជនសង្ស័យទាំងអស់នោះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕