(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវកុំឲ្យម្ចាស់ផ្ទះជួល និងបន្ទប់ជួលឲ្យកម្មករ ដំឡើងថ្លៃនៅឆ្នាំ២០១៨ ហើយប្រសិនបើម្ចាស់ផ្ទះជួល ចង់ដំឡើងថ្លៃខ្លាំងណាស់នោះ រង់ចាំដំឡើងថ្លៃនៅឆ្នាំ២០១៩ ក៏មិនទាន់ហួសពេលដែរ។ (សូមទស្សនាវិដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី ប្រសិនបើម្ចាស់ផ្ទះ ឬបន្ទប់ជួលឲ្យកម្មករ កម្មការិនីណា ដែលចង់ដំឡើងថ្លៃខ្លាំងណាស់ នៅឆ្នាំ២០១៨នេះ សូមអញ្ជើញទៅយកលុយពីសម្ដេច ព្រោះសម្ដេចជាអ្នកប៉ាវនូវតម្លៃដែលដំឡើងថ្មីនោះ។
ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្ដេចបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយតំណាងកម្មករ កម្មការិនីសរុបជិត ៥ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងបាននិយាយគ្នាហើយថា កុំឲ្យម្ចាស់ផ្ទះដំឡើងប្រាក់ឈ្នួល ក៏ប៉ុន្ដែម្ចាស់ផ្ទះនោះ បានចុះហត្ថលេខាដំឡើងប្រាក់ឈ្នួលផ្ទះទៅហើយ ជាន់ក្រោមឡើងមួយបន្ទប់៨ដុល្លារ ជាន់លើឡើងមួយបន្ទប់៥ដុល្លារ ហើយឲ្យគាត់និយាយគ្នា គាត់ត្រូវការលុយប៉ុន្មានពីខ្ញុំ លូវចុះទៅមើលភ្លាមគាត់ត្រូវការប៉ុន្មានពីខ្ញុំ យើងប៉ាវឲ្យតែម្ដង»។
ជាមួយគ្នានេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវបានតាមដានក្នុងទំព័រ Facebook របស់សម្ដេច នៅពេលណាដែលសម្ដេចបង្ហោះអ្វីទៅ ព្រោះក្រែងមានអ្នកចូលខំមិនពីរឿងដំឡើងឈ្នួលផ្ទះ និងរឿងអ្វីផ្សេងទៀត។
សម្ដេចតេជោ បន្ថែមថា ក្នុងករណីដែលអ្នកលេង Facebook មិនបាន Comment តែបានផ្ញើសារចូលនោះ សម្ដេចនឹងផ្ញើខ្លឹមសារទាំងនោះទៅអ្នកដែលតាម Comment ដើម្បីចាត់វិធានការដោះស្រាយភ្លាមៗឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករចំនួន១៧០ដុល្លារ ក្នុង១ខែ ចាប់ពីដើមឆ្នាំ២០១៨ ខាងមុខនេះ។ ទន្ទឹមនឹងមានការប្រកាសបែបនោះ មានម្ចាស់ផ្ទះជួលដល់កម្មករមួយចំនួន កេងយកឱកាសនេះ ដំឡើងថ្លៃជួលផ្ទះ ឬជួលបន្ទប់របស់ពួកគេផងដែរ៕