(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរថា រាល់កិច្ចការរបស់កម្ពុជា ត្រូវតែកំណត់ដោយផ្ទៃក្នុងកម្ពុជា មិនឱ្យកំណត់ដោយបរទេសនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើអ្វីៗស្ថិតនៅលើបរទេសដដែល «ខ្មែរគឺជាឆ្កែសុទ្ធ»។

សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មបែបនេះ ឱកាសសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីសរុបជិត ៥ពាន់នាក់នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ គ.សឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សូមចាំថា អ្វីក៏ដោយជាកត្តាកំណត់នៅក្នុងផ្ទៃក្នុងកម្ពុជាទេ មិនមែនកំណត់លើពួកបរទេសទេ បើស្ថិតនៅលើបរទេសដដែល ខ្មែរគឺជាឆ្កែសុទ្ធ ដែលថា “ណែ ! ដើរតាមអញបានអញទម្លាក់ឆ្អឹងឱ្យឯងស៊ី”»

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «ឯករាជ្យអធិបតេយ្យភាពរបស់ជាតិមួយ វាមានតម្លៃធំណាស់ កុំធ្វើជាសត្វឆ្កែ គ្រាន់តែដើម្បីឆ្អឹង ឬសាច់១ដុំ វាមិនថ្លៃថ្នូទេ ឧទាហរណ៍ឧទាហរណ៍គេគំរាមថា “បើមិនធ្វើតាមអញ អញនឹងកាត់ផ្តាច់នេះកាត់ផ្តាច់នោះ” កាត់ទៅ ! លោកឯងជ្រើសរើសមនុស្សប៉ុន្មាននោះ ឬជ្រើសរើសប្រជាជន១៥លាននាក់ លោកឯងជ្រើសរើសទំនាក់ទំនងជាមួយបុគ្គលមួយក្រុម ឬក៏លោកឯងជ្រើសរើសទំនាក់ទំនងរវាងប្រទេស និងប្រទេស»

សម្តេចតេជោ ហ៊ុន សែ​ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្ថែមថា បរទេសមួយចំនួនពេលនេះ កំពុងតែបំពានមកលើអធិបតេយ្យភាពហើយ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋតស៊ូឡើង ដើម្បីតតាំងនឹងការរំលោភបំពានបែបនេះ។

សូមបញ្ជាក់ថា ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ពេលនេះ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានអន្តរាគមន៍យ៉ាងជ្រៅមកលើផ្ទៃក្នុងរបស់កម្ពុជា។ សហរដ្ឋអាមេរិក បានរឹតបន្តឹងទិដ្ឋាការដល់មន្រ្តីកម្ពុជាមួយចំនួន និងគ្រួសាររបស់ពួកគាត់មិនឱ្យចូលទឹកដីអាមេរិក ដោយចោទថា ធ្វើឱ្យខូចដល់លទ្ធិប្រជាធិបតេយ្យកម្ពុជា។ ដោយឡែក សភាអឺរ៉ុប បានចេញសេចក្តីសម្រេច អំពាវនាវទៅរដ្ឋាភិបាលប្រទេសជាសមាជិកអឺរ៉ុប បង្កកប្រាក់របស់មន្រ្តីជាន់ខ្ពស់កម្ពុជា និងស្នើឱ្យសមាជិកអឺរ៉ុប លុបការអនុគ្រោះពន្ធ និងការនាំចូលពីកម្ពុជាផងដែរ៕