(ភ្នំពេញ)៖ លំហូរពាណិជ្ជកម្មរវាងកម្ពុជា-ថៃ បានបន្ដកើនឡើងទ្វេដងពីប្រមាណ១.១ប៊ីលានដុល្លារ នៅឆ្នាំ២០១៤ រហូតដល់២.៣ប៊ីលានដុល្លារ នៅឆ្នាំ២០១៧, នេះបើតាមការបញ្ជាក់របស់លោក សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារូបនេះ អ្នកវិនិយោគថៃបានវិនិយោគនៅកម្ពុជាជាមធ្យម ៣៨លានដុល្លារក្នុងឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១១ ហើយតួលេខវិនិយោគនេះបានបន្ដកើនឡើងជាង៣ដង រហូតដល់ជាមធ្យមប្រមាណ ១២៣លានដុល្លារក្នុងមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។
លោក សុខ ចិន្ដាសោភា ក្នុងពិធីសម្ពោធជាផ្លូវការនៃ «មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ាក្រូ ខេមបូឌា» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លំហូរពាណិជ្ជកម្មដែលបានកើនឡើងទ្វេនោះមាន ការនាំចូលទំនិញពីថៃមកកម្ពុជា មានសន្ទុះកើនឡើងពី ១ប៊ីលានដុល្លារនៅឆ្នាំ២០១៤ រហូតដល់១.៩ប៊ីលានដុល្លារ នៅឆ្នាំ២០១៧។
ជាមួយគ្នានេះ លោក សុខ ចិន្ដាសោភា ក៏បានឲ្យដឹងផងដែរថា វិស័យទេសចរណ៍ចំនួនភ្ញៀវទេសចរថៃមកកម្ពុជា ក៏នៅតែបន្ដកើនឡើងជាលំដាប់ ពោលគឺកើនឡើងពី៣៥ម៉ឺននាក់នៅឆ្នាំ២០១៤ រហូតដល់ ៣៩.៨ម៉ឺននាក់នៅឆ្នាំ២០១៦ ដែលតួលេខនេះធ្វើឲ្យប្រទេសថៃឈរនៅចំណាត់ថ្នាក់ទី៣ នៃចំនួនភ្ញៀវទេសចរបរទេស ដែលមកទស្សនានៅកម្ពុជា។
ដោយឡែកនៅពេលបច្ចុប្បន្ននេះ ជើងហោះហើរត្រង់ពីប្រទេសថៃមកកម្ពុជា មានចំនួនរហូតដល់១៣៧ជើងក្នុងមួយសប្ដាហ៍ ហើយកំណើនភ្ញៀវទេសចរថៃនៅកម្ពុជា ត្រូវបានរំពឹងថានឹងបន្ដកើនឡើងជាបន្ដបន្ទាប់ ដោយសារកម្ពុជាមានសន្ទុះនៃការអភិវឌ្ឍកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក សុខ ចិន្ដាសោភា ថ្លែងអំណរគុណជាអនេកដល់ក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) ដែលមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ដោយបានមកធ្វើការបណ្តាក់ទុននៅកម្ពុជា នៅក្នុងកាលៈទេសៈមួយដែលកម្ពុជាកំពុងត្រូវការ និងជំរុញលើកទឹកចិត្តយ៉ាងសកម្មខ្លាំងក្លា ដល់សកម្មភាពវិនិយោគ។
សូមបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនកាលពីខែឧសភា ឆ្នាំ២០១៧ ដែលបានបោះទុនវិនិយោគចំនួន ៦៨លានដុល្លារអាមេរិក ហើយបច្ចុប្បន្នបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួន ២៧២កន្លែង៕