ទេសរដ្ឋមន្ត្រី លី ធុជ ចុះសំណេះសំណាល និងថ្លែងអំណរគុណ ប្រជាពលរដ្ឋភូមិតាកុកច្រាយ ដែលបន្តគាំទ្រ CPP
17-12-2017 11:16
(រតនគិរី)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋរស់នៅភូមិតាកុកច្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ដែលបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
នៅក្នុងពិធីសំណេះសំណាលនោះ ប្រជាពលរដ្ឋបានសម្តែងនូវសេចក្តីសោមនស្ស និងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ដើម្បីនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជូនជាតិមាតុភូមិ ដែលធ្វើឲ្យពួកគាត់រស់នៅស្រួល ជួបជុំគ្រួសារ មានស្បៀងហូបគ្រប់គ្រាន់ ជីវភាពធូធា និងមានសិទ្ធិសេរីភាពពេញបរិបូរ។
លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋក្នុងភូមិតាកុកច្រាយទាំងអស់ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា។ លោកបញ្ជាក់ជូនប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា តែងតែនៅរួមសុខរួមទុក្ខ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋជារៀងរហូត៕