(ភ្នំពេញ)៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣ ដែលបានធ្វើឡើងរយៈពេល៣ថ្ងៃ នៅខេត្តយូណាន ប្រទេសចិន បានបញ្ចប់ហើយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។ ក្រោយបញ្ចប់កិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានអនុម័តនូវឯកសារ៣ចំណុច។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។

ឯកសារដែលត្រូវបាន អនុម័តនោះរួមមាន៖

១-សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣

២-បញ្ជីគម្រោងដំណាក់កាលទី១ដែលឧបត្ថម្ភដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅឆ្នាំ២០១៧

៣-ព័ត៌មានទំនាក់ទំនងទាន់ហេតុការណ៍របស់លេខាធិការដ្ឋានជាតិ/អង្គភាពសម្របសម្រួលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងអស់ ក៏បានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅ និងបានឯកភាពជាឯកច្ឆន្ទ លើការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងការរៀបចំកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣ នៅប្រទេសចិនមានការអញ្ជើញចូលរួមដោយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រួមទាំងរដ្ឋមន្រ្តីការបរទេសនៃប្រទេសជាសមាជិកផ្សេងទៀត តាមការអញ្ជើញរបស់ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងតាលី ខេត្តយូណាន ប្រទេសចិន៕