(ភ្នំពេញ)៖ ដើម្បីផ្សព្វផ្សាយ និងបង្ហាញពីភាពរីកចម្រើនរបស់កីឡាអៃគីដូ កាលពីថ្ងៃទី១៦ ខែធ្នូម្សិលមិញ សមាគមកីឡាអៃគីដូកម្ពុជា បានរៀបចំនូវការសម្ដែងក្បាច់គុនអៃគីដូប្រចាំឆ្នាំ២០១៧ របស់ខ្លួន នៅមជ្ឈមណ្ឌលកីឡាយុទ្ធសិល្ប៍បុរាណកម្ពុជា-ជប៉ុន(ពហុកីឡដ្ឋានជាតិ) ។ កម្មវិធីនេះ មានការចូលរួមពីលោក ឌួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា, លោក Suzuzki Yumi លេខាទី១ ស្ថានទូតជប៉ុននៅកម្ពុជា និងលោក Miura Yunichi តំណាងអង្គការ JICA ប្រចាំនៅកម្ពុជា ។

លោក ណាំង រ៉ាវុធ ថ្លែងថា ថ្ងៃនេះគឺជាទិវាដ៏ប្រសើរមួយ ដែលសមាគមអៃគីដូកម្ពុជា បានរៀបចំព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណងបង្ហាញអំពីការរីកចម្រើននៃក្បាច់គុនអៃគីដូកម្ពុជា ក៏ដូចជារំលឹកពីចំណងមិត្តភាពដ៏ជិតស្និតរវាងកម្ពុជា-ជប៉ុន ។ លោកបន្ដថា កម្មវិធីនេះ នឹងធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយមានកីឡាករ-កីឡាការិនីជាង ៧០នាក់មកពី ៧ក្លឹបចូលរួម គឺមានក្លឹប ZAMAN, ក្លឹប RULE, ក្លឹបតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, ក្លឹបសៀមរាប, ក្លឹបក្រុងព្រះសីហនុ, ក្លឹបភ្នំពេញ និងការសម្ដែងក្បាច់គុនរបា់គ្រូអៃគីដូកម្រិតខ្ពស់ខ្មែរ-ជប៉ុនទៀតផង ។

ប្រធានសមាគមរូបនេះ បន្ដថា គោលបំណងសំខាន់ក្នុងការសម្ដែងកីឡាអៃគីដូប្រចាំឆ្នាំ២០១៧នេះ គឺបង្ហាញពីភាពរីកចម្រើន នៃក្បាច់គុនអៃគីដូនៅកម្ពុជា ។ ការហាត់រៀនក្បាច់គុនអៃគីដូ មិនត្រឹមតែនាំមកនូវសុខភាព និងស្មារតីរឹងប៉ឹង រៀងវៃប៉ុណ្ណោះទេ គឺបានបណ្ដុះនូវវប្បធម៌បន្ធូរបន្ថយ យោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក បង្កើននូវមិត្តភាព សាមគ្គីភាពរវាងមនុស្សជាតិ ដូចគ្នាផងដែរ ។ ចំណុចសំខាន់មួយទៀត បង្ហាញឲ្យយើងថា ក្បាច់គុនអៃគីដូផ្ដោតសំខាន់លើការការពារខ្លួនដ៏មានប្រសិទ្ធភាព ដោយប្រើប្រាស់កម្លាំងដ៏តិចបំផុត» ។

ការបង្កបង្កើតឱ្យមានទីកន្លែងហាត់រៀន ការស្វែងរកគ្រូដែលមានសមត្ថភាព រួមទាំងសម្ភារៈហាត់រៀននោះវាមិនមែនជាការងាយស្រួលឡើយ ។ សមិទ្ធផលរបស់សមាគមកីឡាអៃគីដូដែលទទួលបានមកទល់ពេលនេះគឺតាមរយៈការគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡា ដោយមានកិច្ចសហប្រតិបត្តិការនិងការឧបត្ថម្ភយ៉ាងល្អពីអង្គការJICA ដែលជាដៃគូតាំងពីឆ្នាំ២០០២មក ។ ជាជំហានបន្តដើម្បីទទួលបាននិរន្តរភាពនិងជោគជ័យថ្មីបន្ថែមនោះ សមាគមមានគម្រោងរៀបចំខ្លួនឱ្យមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាសមាជិកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏ដូចជាសហព័ន្ធកីឡានានាផងដែរ ។ លោក ណាំង រ៉ាវុធ បន្ថែម ។

ជាមួយគ្នានោះ លោក ឌួង មាសចំរើន តំណាងអគ្គនាយកដ្ឋានកីឡា បានថ្លែងកោតសរសើរ ចំពោះភាពរីកចម្រើនរបស់កីឡាអៃគីដូ ដោយទោះបីមិនមែនជាកីឡាករប្រយុទ្ធ ឬប្រកួតប្រជែងដណណ្ដើមមេដាយក្ដី ប៉ុន្ដែសមាគមកីឡាអៃគីដូកម្ពុជា បានខិតខំអភិវឌ្ឍន៍ខ្លួនជាបន្ដបន្ទាប់ រហូតមានកន្លែងហ្វឹកហាត់ និងមានក្លឹបជាសមាជិកដ៏ច្រើន ។ លោករំពឹងថា នៅថ្ងៃអនាគតកីឡាមួយនេះ នឹងក្លាយជាប្រយោជន៍មួយដ៏សំខាន់ក្នុងសង្គម ដើម្បីផ្ដល់ឱកាសឲ្យយុវជន ដែលនិយមចូលចិត្តហាត់ក្បាច់គុនការពារខ្លួន ដើម្បីចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ៕